ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជាប្តីបានស្រែកឲ្យគេឯងជួយប្រពន្ធរបស់ខ្លួន ខណៈកំពុងតែដេកដកចង្កាមាន់រហូតទល់តែស្លាប់ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុផ្ទះលក់គ្រឿងក្លែមយីហោ តាម៉ាប់ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ រ៉េន រ័ត្ន ភេទស្រី អាយុជាង៤០ឆ្នាំ មុខរបរស៊ីឈ្នួលលក់ដូរនៅកន្លែងហាងកើតហេតុខាងលើ មានស្រុកកំណើត ភូមិយាយអត ឃុំគុត្កសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីបុរសជាប្តី បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ គាត់ និងជនរងគ្រោះជាប្រពន្ធ ចូលដេកជាមួយគ្នាជាធម្មតា ។ លុះព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្រាប់តែឃើញប្រពន្ធមិនទាន់ក្រោកភ្លាមនោះគាត់ជាប្តីបានទៅកេះជើងប្រពន្ធតែមិនឆ្លើយ ក៏ពិនិត្យមើលម្តងទៀតទើបដឹងថាប្រពន្ធគាត់កំពុងដកចង្កាមាន់ស្រែកឲ្យជួយ ពេលនោះគាត់ក៏រត់ទៅហៅថៅកែហាងឲ្យជួយតែ ប៉ុន្តែអកុសលប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុម្ចាស់ហាងបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តទឹកថ្លា ៕ចន្ទ លីហ្សា