ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេម៉ាយតូចចិត្តមានជំងឺប្រចាំកាយរាំរ៉ៃមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីមេម៉ាយម្នាក់តូចចិត្តនិងខ្លួនមានជំងឺ​ប្រចាំកាយរាំរ៉ៃ​ សម្រេចចិត្ត​ មកលោត​ទឹក​ពី​លើស្ពានជ្រោយចង្វាសម្លាប់ខ្លួនចោលកូនស្រីម្នាក់​ ឲ្យនៅកំព្រា ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង​ពីម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩​ នៅលើលើស្ពានជ្រោយចង្វាចាស់​ ស្ថិតក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ​ ។

ស្ត្រីរងគ្រោះមានឈ្មោះ​ ហេន​ នាត​ អាយុ​៤៣ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិត្រពាំងថ្លឹង​ សង្កាត់​ ចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ មានស្រុកកំណើតនៅភូមិព្រែកប្រណាក​ឃុំរាយប៉ាយ​ស្រុកកងមាស​ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យដឹងថា​ គេឃើញស្ត្រីដែលប៉ងសម្លាប់ខ្លួនដើរកាន់កាបូបមួយនៅលើស្ពានជ្រោយចង្វា​មិនដឹង​ថា​ មានរឿងអ្វីនោះទេ​ ររួចបានទុកកាបូបចោល ហើយឡើងលើបង្កាន់ដៃស្ពាន​លោតចុះទៅក្នុងទឹក​លិចបាត់​ស្រមោល ភ្លាមៗនោះដែរ មានប្រជាពលរដ្ឋធ្វើដំណើរស្ទុះទៅជួយដែរតែជួយ​មិនទាន់​ ។

បើតាមសម្ដី​កូនស្រីរបស់ជនរងគ្រោះមាន​ឈ្មោះ​ ខេង​ ស្រីឡា​ អាយុ២៣ឆ្នាំ​ បានប្រាប់​ឲ្យ​ដឹងថា​ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩​ ម្ដាយ​ របស់នាង​ បានចេញពីផ្ទះ ដោយមិន​បានចាប់អារម្មណ៍នោះទេ​ លុះដល់ថ្ងៃទី៤ ខែតុលា ​នៅតែមិនឃើញម្ដាយមកផ្ទះខ្លួន ក៏បានតេទូរសព្ទ័សួរ​ ស្រាប់តែម្ដាយប្រាប់ថា​ គាត់មក​លោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាតែនាងមិនជឿ​ ។

កូនស្រីបន្តថា​ លុះដល់ម៉ោង០១រសៀល ក៏​មានប្រជាពលរដ្ឋតេប្រាប់នាងថា​ ម្ដាយរបស់នាងបាន​លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបាត់ហើយ​ នាងនៅតែមិនជឿ ។

នាងបន្តទៀតថា​ រហូតដល់ម៉ោង២រសៀល​ សមត្ថកិច្ចបានតេទៅប្រាប់ថា​ គាត់ជាសមត្ថកិច្ច​ សូមឲ្យនាងមកយកសម្ភារៈ​ ម្ដាយនៅ​ប៉ុស្តិនគរបាលស្រះចក​ ៖​ មានកាបូប​,ទូរសព្ទ័,​និងសំបុត្រពេទ្យ​ទើបដឹងថាម្ដាយស្លាប់មែន​ ចំណែកសពស្ត្រីរងគ្រោះលិចបាត់ក្នុងទឹកទន្លេ​រក​មិនទាន់រកឃើញនៅឡើយទេ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖