ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យ របាយការណ៍បង្ហាញឲ្យដឹងថា មានមនុស្ស៦នាក់ស្លាប់​ ដោយលង់ទឹក ប៉ះពាល់ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ លិចស្រូវជាង២ម៉ឺនហិកតា ដាច់ផ្លូវ១៥៣កន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញរបាយការណ៍ឲ្យដឹងថា ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យកើតឡើងរយៈពេល៩ថ្ងៃក្នុងរដូវបុណ្យភ្ជុំបិណ្ឌកាលពីកន្លងទៅថ្មីៗនេះ គ្រោះទឹកជំនន់នោះបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ដោយលង់ទឹក ប៉ះពាល់ប្រជាពលរដ្ឋ ២, ០១៩គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ២៣២គ្រួសារត្រូវបានជម្លៀសទៅរស់នៅលើទីទួលសុវត្ថិភាព ។ ទឹកជំនន់ក៏បានប៉ះពាល់ដំណាំស្រូវ២៤, ៤៦៤ហិកតា ដាច់ផ្លូវ១៥៣កន្លែង ស្មើនិងប្រវែង៥៦, ២១៩ម៉ែត្រ លិចសាលារៀន១០កន្លែង និងលិចផលដំណាំផ្សេងៗជាង៤ពាន់ហិកតាផងដែរ ។ របាយការណ៍បង្ហាញឲ្យដឹងទៀតថា ទឹកជំនន់បង្កដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលមានស្រុកក្រុងចំនួន៧ នៃខេត្តបន្ទាយមានជ័យបានរងការលិចលង់ ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។

​ស្រុកក្រុងទាំង៧ដែលលិចលង់រួមមានៈ១, ក្រុងប៉ោយប៉ែត ប៉ះពាល់លើ៣សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ៦៣៩គ្រួសារ លិចស្រូវ១, ១៧២ហិកតា, លិចដំឡូងមី១០១ហិកតា និងទឹកហូរកាត់ផ្តាច់ផ្លូវ៣០០ម៉ែត្រ២, ក្រុងសិរីសោភ័ណ បានប៉ះពាល់៦សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ៤៩៤គ្រួសារ, ស្លាប់១នាក់ , លិចស្រូវ៤, ០០១ហិកតា, ដំឡូងមី១៦ហិកតា ដំណាំរួមផ្សំ៥ហិកតា និងដាច់ផ្លូវ៩, ៦៧៥ម៉ែត្រ ៣, ស្រុកអូរជ្រៅ ប៉ះពាល់៦ឃុំ ប្រជាពលរដ្ឋ២៣៧គ្រួសារ, ស្លាប់១នាក់ លិចស្រូវ៣, ៣៦១ហិកតា, ដំឡូងមី៤៨២ហិកតា, ដំណាំរួមផ្សំ៦.៥ហិកតា និងទឹកហូរកាត់ផ្តាច់ផ្លូវ៦, ៣៧៥ម៉ែត្រ ៤, ស្រុកស្វាយចេក បានប៉ះពាល់៤ឃុំ ប៉ះពាល់ប្រជាពលរដ្ឋ៤៦៩គ្រួសារ, លិចស្រូវ១, ១១៩គ្រួសារ, ដំឡូងមី២, ៩៧០ហិកតា, ដំណាំរួមផ្សំ៦.៥ហិកតា, ទឹកហូរដាច់ផ្លូវ៩, ៦៧៥ម៉ែត្រ ៥, ស្រុកព្រះនេត្រព្រះ ប៉ះពាល់២ឃុំ ប្រជាពលរដ្ឋ១៨១គ្រួសារ, ស្លាប់១នាក់, លិចស្រូវ៣, ២៤០ហិកតា, ដំឡូងមី៤១ហិកតា, ដំណាំរួមផ្សំ៣ហិកតា, និងទឹកហូរផ្តាច់ផ្លូវ៧, ២០០ម៉ែត្រ ៦, ស្រុកថ្មពួក ប៉ះពាល់៦ឃុំ ប្រជាពលរដ្ឋ១២៦គ្រួសារ, ស្លាប់៣នាក់ក្នុងនោះមានកុមារ២នាក់, លិចស្រូវ២៦៨ហិកតា, ដំឡូងមី៦១៤ហិកតា, ទឹកហូរកាត់ផ្លូវ៧, ២០០ម៉ែត្រ និង៧, ស្រុកភ្នំស្រុក ប៉ះពាល់៥ឃុំ លិចស្រូវ១១, ៣៨៨ហិកតា, ដំឡូងមី៣០៥ហិកតា, និងទឹកហូរកាត់ផ្លូវ១១, ២៣៩ម៉ែត្រ ។

​សូមបញ្ជាក់ថា ក្នុងអំឡុងទឹកជំនន់នៅខេត្តបន្ទាយមានជ័យនោះផងដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ សមត្ថកិច្ចទាំង៣ប្រភេទ អ្នកតំណាងរាស្រ្ត កាកបាទក្រហមកម្ពុជា និងសប្បុរសជនមួយចំនួនទៀត បានចេញជួយអន្តរាគមន៍និងផ្តល់ជូនអំណោយសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងគ្រួសាររងគ្រោះបាត់បង់ជីវិតដោយលង់ទឹកស្លាប់ ។ ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យមកដល់បច្ចុប្បន្ននេះបានធូរស្បើយទៅវិញនោះហើយ ៕ សំ វិច្ឆិកា


ចែករំលែក៖