ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ត្រូវចោរឆក់កាបូបក្រវាត់ចង្កេះ និងដកសោម៉ូតូគប់ចោលទៀត

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរឆក់វ័យក្មេងចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូបក្រវាត់ចង្កេះរបស់ស្រ្តីម្នាក់ ដែលជាអាជីវករលក់ដូរ បានសម្រេចហើយ ពេលនោះជនរងគ្រោះស្រែកឆោឡោក៏ត្រូវបក្ខពួកចោរម្នាក់ទៀតជិះម៉ូតូមកពីក្រោយរួចដកយកសោម៉ូតូស្រ្តីរងគ្រោះគប់ចោល រួចនាំគ្នាជិះគេចឋ្លួនបាត់អស់ ។

ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសម្តេចជា សុីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ស្មាសរេវ៉ូ ទើបតែវិលត្រឡប់មកពីទិញកាតទូរស័ព្ទ ទុកសម្រាប់លក់បន្ត ដោយធ្វើដំណើរតាមផ្លូវសម្តេចជា សុីម ក្នុងទិសដៅពីកើតទៅលិច ។ លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែលិចមុខក្រុមចោរក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា អាយខន តាមពីក្រោយរួចធ្វើសកម្មភាពឆក់យកកាបូបលុយដែលគាត់ក្រវាត់ចង្កេះ បានសម្រេចហើយ ភ្លាមនោះគាត់ស្រែកថាចោរៗ ក៏ត្រូវជនសង្ស័យម្នាក់ទៀតជាអ្នកបិទគូទ ជិះម៉ូតូម៉ាកហុងដា Beat មកចាប់ដកកូនសោម៉ូតូរបស់គាត់រួចគប់គ្រវាត់ចោល ហើយបើករត់គេចទៅបាត់អស់ ។

ស្ត្រីរងគ្រោះបន្តថា ក្រុមចោរទាំងនោះសុទ្ធតែក្មេងស្ទាវ មានអាយុក្រោម១៨ឆ្នាំ ហើយសម្ភារបាត់បង់ក្នុងកាបូបលុយ មានលុយខ្មែរមួយចំនួន ដែលគាត់លក់ដូរតាំងពីព្រឹកមក; លុយដុល្លា៥០ដុល្លា ; ទូរស័ព្ទI phone មួយគ្រឿង ; អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាចោរខាងលើនេះ ដើម្បីយកមកដាក់ទោសតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖