ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ជាជនជាតិចិន ពាក់ព័ន្ធបទល្មើស ៤ករណី ទី១ឃាតកម្មគិតទុកមុន ទី២កាន់កាប់អាវធុដោយគ្មានការអនុញ្ញាត ទី៣ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ទី៤រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានី ដើម្បីឲ្យតុលាការចាត់ការបន្ដតាមនីតិវិធី ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ LAI SUNG MAO ភេទប្រុសអាយុ៥១ ឆ្នាំ មុខរបរ ពាណិករ មានទីលំនៅស្នាក់ក្នុងផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទាប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះមានឈ្មោះ XLAO HONG JE ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៩និង ៥០ នាទី ជនសង្ស័យជាជនជាតិចិនបានបើករថយន្ដមួយគ្រឿងម៉ាក HIGH LANDER មកដល់ចំណុចមុខភោជនីដ្ឋាននិងកាហ្វេហ្គ្រីន ផ្ទះលេខ១៦៦ ផ្លូវលេខ១៥០ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះចំនួន៣ គ្រាប់ ប៉ុន្ដែសំណាងល្អមិនបណ្ដាលឲ្យជនរងគ្រោះរងរបួសទេ ។
ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួចក៏បានជិះរថយន្ដរត់គេចខ្លួនបាត់ស្រមោល លុះនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ តែម្ដង ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួច ក៏មានដកហូតវត្ថុតាងដូចជា៖ កាំភ្លើងម៉ាក SIG SAUER មួយដើម, បង់កាំភ្លើង១ និងគ្រាប់ចំនួន ៣០គ្រាប់, លិខិតឆ្លងដែនចំនួន២ក្បាល, ទូរសព្ទដៃ២គ្រឿង, ម្សៅ ពណ៌ ស ចំនួន១០ កញ្ចប់, ថ្នាំគ្រាប់ម៉ាក ហ្វាន ចំនួន ៥គ្រាប់, ថ្នាំគ្រាប់ពណ៌ ខៀវ និងពណ៌ផ្កាឈូកចំនួន១៨គ្រាប់, កាបូបលុយ១ និងរថយន្ដម៉ាក HIGHLANDER មួយគ្រឿង ៕ ភារ៉ា ដង្កោ