ភ្នំពេញ៖ បុរសម្នាក់ ជាបុគ្គលិកអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនឯកជន បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលគាត់បើករថយន្តជូនថៅកែរបស់ខ្លួនមកដល់ក្រុមហ៊ុន រួចគាត់ឆ្លៀតចូលទៅងូតទឹកក៏រអិលជើងដួលបោកក្បាល កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្រុមហ៊ុនឯកជនមួយកន្លែង តាមផ្លូវលេខ៩៥ ភូមិ ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
ជនរងគ្រោះមានឈ្មោះគឹម ឌី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តដឹកជនជាតិចិនម្នាក់ ដែលជាថៅកែរបស់ខ្លួនមកកន្លែងធ្វើការ នៅក្រុមហ៊ុនឯកជនមួយ លុះពេលមកដល់កន្លែងកើតហេតុជនជាតិចិន បានដើរចូលទៅក្នុងក្រុមហ៊ុនបាត់ទៅ ។ ចំណែកជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹក តែអកុសលក៏បានរអិលដួលបោកក្បាលស្លាប់មួយរំពេច ។
ប្រភពបន្តថា ភ្លាមនោះក្រុមការងារដែលធ្វើការជាមួយ បានហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះតែជាអកុសលក្រុមគ្រូពេទ្យ បានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចខាងក្រុមហ៊ុនក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅជួយត្រួតពិនិត្យជាក់ស្ដែង ។
ក្រោយពីសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យការិយាល័យរាជធានីភ្នំពេញ មកពិនិត្យសាកសពរបស់ជនរងគ្រោះ រួចបញ្ជាក់ថាជនរងគ្រោះ ដោយសារជំងឺគាំងបេះដូងរើឡើងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ពិតប្រាកដមែន ហើយធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី