ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតាកែវ​ស្ងៀមឈឹងរឿងជនជាតិវៀតណាមដាក់ដាយយកត្រី​នៅស្រុកបុរីជលសា

ចែករំលែក៖

ខេត្តតាកែវ ៖ បើទោះបីជាប្រជាពលរដ្ឋ​ក្នុងសងហគមន៍នេសាទកំពង់ក្រសាំង​ស្ថិតក្នុងស្រុកបុរីជលសា​ប្រតិកម្ម​ករណី​អាជ្ញាធរមានសមត្ថកិច្ច​លក់ទន្លេ​ឲ្យអ្នកនេសាទ​ដាក់ដាយ​យកត្រីរាប់សិបតោន​ក្នុងមួយថ្ងៃៗ​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តតាកែវ​នៅតែធ្វើមិនដឹងមិនឮ ពីព្រោះថា ម្នាក់ៗ​បានទទួលលាភសក្ការ​ពីឈ្មួញវៀតណាមរួចរាល់ទៅហើយ ។ ដូច្នេះ «ស្តោះហើយ​មិនអាចលេប​បានទេ» នេះគឺជាចរិកកូនប្រុស បើទោះបីជា​ពលរដ្ឋខ្មែរ​ម្ចាស់ស្រុក​យំស្រែក​យ៉ាងណាក៏ដោយ ។ គេមិនដឹងថា លោកអួច ភា អភិបាលខេត្តតាកែវ​បានជ្រាប​រឿងរាស្ត្រ​កំពង់ក្រសាំង​ក្តៅ​ក្រហាយ​រឿងនេះដែរឬយ៉ាងណានោះទេ ។

ដាយដាក់កាត់ទទឹងទន្លេចំនួន៣កន្លែង នៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានជនជាតិវៀតណាមយកមកដាក់សម្រាប់ចាប់ត្រីគ្រប់ប្រភេទនារដូវបិទការនេសាទឆ្នាំនេះ មិនខ្លាចរអានឹងអាជ្ញាធរ សង្ស័យមានការត្រូវរ៉ូវគ្នាជាមុន។

ដាយទាំងបីកន្លែងដែលដាក់កាត់ទទឹកទន្លេនេះ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារបានប្រាប់ថា អភិបាលស្រុក ក៏ដូចជាមេឃុំបានលក់(អតីតដែនឡូត៍លេខ៥) ទៅឲ្យជនជាតិវៀតណាមចូលមកដាក់ប្រមូលយកត្រីគ្រប់ប្រភេទទៅស្រុកគេវិញរាប់សិបតោនជារៀងរាល់ថ្ងៃ។

ក្រុមប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់មានការលំបាកណាស់ រាល់ការនេសាទត្រីជាលក្ខណៈគ្រួសារ បើទោះបីជាមានសហគមន៍នេសាទក្នុងឃុំក៏ដោយ ក៏មិនមានប្រយោជន៍ដែរ ព្រោះអាជ្ញាធរស្រុក និងឃុំ បានលក់អតីតឡូត៍នេសាទនេះ ទៅឲ្យជនជាតិវៀតណាមចូលមកដាក់ដាយ និងសៃយ៉ឺនប្រមូលយកត្រីគ្រប់ប្រភេទ ដោយខុសច្បាប់យ៉ាងសេរី។ ពិសេសជារៀងរាល់ឆ្នាំដាយកាត់ទទឹងទន្លេក្នុងឃុំកំពង់ក្រសាំងចំនួន៣កន្លែង គឺគេត្រូវរ៉ូវគ្នាលក់ទៅឲ្យជនជាតិវៀតណាមដាក់តាំងពីរដូវបិទការនេសាទ រហូតដល់រដូវបើកនេសាទ ដោយជ្រកក្រោមស្លាកសហគមន៍នេសាទក្លែងក្លាយតែប៉ុណ្ណោះ។ ក្រុមប្រជាពលរដ្ឋបានបន្ថែមថា ក្នុងឆ្នាំនេះទឹកទន្លេបានឡើងយឺតជាងឆ្នាំមុនៗ គឺទឹកទើបតែហក់ឡើងនៅចុងខែសីហានេះ ហើយដាយកាត់ទទឹងទន្លេទាំង៣ខ្សែនេះជនជាតិវៀតណាមទើបតែចូលមកដាក់ក្នុងខែកញ្ញានេះទេ និងបានប្រមូលយកត្រីទៅស្រុកគេវិញរាប់សិបតោនទាំងថ្ងៃទាំងយប់។

លោក សៅ កុសល ប្រធានរដ្ឋបាលជលផលខេត្តតាកែវ បានប្រាប់តាមទូរស័ព្ទថា ចំពោះដាយកាត់ទទឹងទន្លេទាំង៣ខ្សែនេះ ជារបស់សហគមន៍នេសាទឃុំកំពង់ក្រសាំង និងឲ្យសហគមន៍ជាអ្នកដាក់ខ្លួនគេ តែបើលក់ទៅឲ្យវៀតណាមចូលមកធ្វើនោះ គឺខុសច្បាប់ហើយ។ ចំណែក លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះនេះជាទម្លាប់របស់លោកចំពោះអ្នកសារព័ត៌មានទៅហើយ ។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តតាកែវ​មួយរូបអះអាងថា ផលប្រយោជន៍ពីការលក់ទន្លេ​ឲ្យជនជាតិវៀតណាមនោះ ត្រូវបានចែករំលែក​ស្ថាប័នជំនាញ​គ្រប់សរសៃ​អស់ហើយ ។ ក្រៅពីនោះ​នៅមានផែនការជាច្រើនទៀត​បានរៀបចំរួចរាល់​ក្នុងការលក់ដែននេសាទ​ក្នុងទឹកដីខ្មែរ​ឲ្យជនជាតិវៀតណាមចូលមកនេសាទបន្ថែមទៀត​ដូចជានៅស្រុកអង្គរបុរីជាដើម ។ ប្រជាពលរដ្ឋនិយាយថា​ វាជារឿងគួរឲ្យសោកស្តាយ ដែលពលរដ្ឋខ្មែរ​ម្ចាស់ស្រុកមិនត្រូវបានអនុញ្ញាត​ឲ្យចូលនេសាទ​ ប៉ុន្តែជនបរទេស​(វៀតណាម) ត្រូវបានអនុញ្ញាតឲ្យចូលនេសាទជាចំហរ និងដោយសេរី ។

រាជរដ្ឋាភិបាលកម្ពុជា​បាន​ប្រកាសជាញឹកញាប់​មិនអនុញ្ញាត​ឲ្យមានការជួលដីស្រែ​ឲ្យទៅ​ប្រទេសជិតខាងធ្វើនោះឡើយ​។ រីឯការលក់ដែននេសាទ​ឲ្យទៅជនជាតិវៀតណាមនេសាទរាល់ថ្ងៃនេះ ក៏មិនខុសពីការជួលដីឲ្យវៀតណាមធ្វើស្រែនោះដែរ ៕


ចែករំលែក៖