ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចតាមចាប់ចោរឆក់ខ្សែកស្រ្តីវ័យចំណាស់ម្នាក់ ពីខណ្ឌទួលគោក ដល់ខណ្ឌ៧មករា ចុងក្រោយចាប់ខុសមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងអធិការដ្ឋានខណ្ឌ៧មករា ធ្វើការប្រដេញតាមជសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែកស្រ្តីវ័យចំណាស់ម្នាក់កំពុងតែជិះម៉ូតូជាមួយប្តីរបស់គាត់ បានសម្រេចហើយជនសង្ស័យរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែបន្សល់ទុកម៉ូតូមួយគ្រឿងដែលខ្លួនជិះធ្វើសកម្មភាព ។ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ចក៏បានឃាត់ខ្លួនយុវជនម្នាក់ សង្ស័យថាជាចោរយកមកសាកសួរផងដែរ ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១១ កែងផ្លូវលេខ១៥០ ត្រង់ចំណុចបុរីកីឡាអគារទី៥ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ស៊េរីចាស់ ធ្វើដំណើរមកតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងម្តុំត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ លុះ

ជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HD-0260 បើកបរតាមបណ្តោយផ្លូវលេខ៥៩៨ ទិសដៅស្របទិសគ្នា ហើយមកអែបជិតម៉ូតូជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ខ្សែ.ក របស់ស្រ្តីជាប្រពន្ធ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនតែម្តង ។

ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃើញក៏ជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យ រហូតមកដល់ក្បែរវិទ្យាល័យបាក់ទូក ក៏ប្រទះជួបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការគ្នាដេញតាមចាប់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោពេកក៏ផ្ដួលម៉ូតូ ហើយរត់ចូលក្រោយអាគារបុរីកីឡា និងរត់ឡើងទៅអាគារទី៥ ជាន់ទី៦ គេចខ្លួនបាត់ស្រមោល ។

ក្នុងហេតុការណ៍នោះដែរ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរស់នៅម្តុំអាគារបុរីកីឡា ព្រោះសមត្ថកិច្ចជាច្រើនបាននាំគ្នា ស្វែងរកជនសង្ស័យ ស្រាប់តែមួយសន្ទុះក្រោយមកកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដោះអាវដោយសង្ស័យថា ជាចោរដែលរត់គេចខ្លួននោះ នាំយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ខណ្ឌ៧មករា ហើយនៅពេលស្រ្តីរងគ្រោះ មកដល់ប៉ុស្តិ៍មើលទៅទើបដឹងថាមិនមែនចោរឆក់ខ្សែ.កគាត់នោះទេ ទើបសមត្ថកិច្ចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់២ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវបន្តតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖