ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុទ្ធជនពលី និងស្តូបលោកប្រធាន ហូ ជីមិញ

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅព្រឹកថ្ងៃទី៥ តុលា ២០១៩​ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានី​ហា​ណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញដាក់​កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលី នៃកងទ័ពប្រជាជនវៀត​ណាម និងអញ្ជើញ​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធាន ហូ ជីមិញ។

ជាមួយនឹង អក្សរចារិក​ពណ៌​មាស ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន​លំឱនកាយវាចារចិត្តដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរ:យុទ្ធជន នៃកងទ័ព​ប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ ក្នុង​បុព្វហេតុរំដោះប្រទេស និងប្រជាជនវៀតណាម ចេញពីអាណានិគមនិយម រហូតប្រទេស​ជាតិទទួលបាន នូវឯករាជ្យជាតិយ៉ាងពេញលេញ និងមានការអភិវឌ្ឍរីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន។

ដូចគ្នានឹងការគោរពវិញ្ញាណក្ខន្ធចំពោះយុទ្ធជនពលីវៀតណាម នៅស្តូបលោកប្រធាន ហូ ជីមិញ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា បាន​លំឱន​កាយ​វាចាចិត្តគោរពយ៉ាងអស់ពីដូងចិត្ត ជាមួយនឹងថ្នាក់ដឹកនាំនិងប្រជាជនវៀត​ណាម ដែលបាន​បាត់បង់នូវមេដឹកនាំដ៏ឆ្នើមរបស់ខ្លួន គឺលោកប្រធាន ហូ ជីមិញ ដែលបានដឹកនាំ និងកសាង​ប្រ​ទេស​វៀតណាម ពីការបែកបាក់និងមហន្តរាយបន្សល់ទុកពីសង្រ្គាម មហាវិនាសកម្ម រហូត​ទទួល​បាននូវការឯកភាពជាតិ និងកសាងប្រទេសពីគំនរផេះផង់ រហូតទទួលបាន នូវការអភិវឌ្ឍ​រីកចម្រើនលើគ្រប់វិស័យ ជីវភាព​រស់​នៅរបស់ប្រជាជន​វៀតណាម កាន់តែមានភាពល្អប្រសើរ​ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសមានការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងនៅ​លើសកលលោក៕


ចែករំលែក៖