នៅពេលនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានទទួលការអញ្ជើញរបស់លោកដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅអាមេរិកក្នុងខែវិច្ឆិកា ខាងមុខនេះ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំតួកគី លោក Recep Tayyip Erdogan បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីការបង្កើតតំបន់សុវត្ថិភាពមួយស្ថិតនៅភាគឦសានប្រទេសស៊ីរី ។
សេចក្តីថ្លែងការណ៍របស់តួកគីដែលបានផ្សាយនៅលើបណ្តាញព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩បញ្ជាក់ថា «ប្រធានាធិបតីរបស់យើងបានសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ ។ បន្ថែមពីលើបញ្ហាផ្សេងៗនោះ គឺទាក់ទងទំនាក់ទំនងជាឧបតោភាគី, ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទៅវិញទៅមក លើគម្រោងការបង្កើតតំបន់សុវត្ថិភាពស្ថិតនៅភាគខាងជើងស៊ីរី, ភាគខាងកើតដងទន្លេ Euphrates ។
ការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ នោះ លោក Erdogan បានសង្កត់ធ្ងន់ថា តំបន់សុវត្ថិភាពគឺចាំបាច់ត្រូវតែបង្កើតឡើងដើម្បីប្រឆាំងការគំរាមកំហែងពីក្រុមភេរវកម្ម ដែលមកពីគណបក្ស PKK ឃើដ និងមកពីកងកម្លាំង YPG ឃើញដក្នុងទឹកដីស៊ីរី ហើយនិងអនុញ្ញាតឲ្យដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីផងដែរ ។
ប្រធានាធិបតីតួកគី នៅបានសម្តែងការខ្វាយខ្វល់របស់តួកគីចំពោះការិយាធិបតេយ្យកម្លាំងសន្តិសុខ និងយោធារបស់អាមេរិក ដែលមិនបានធ្វើដូចអ្វីដែលបានតម្រូវតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះ ។
លោក Erdogan បានទទួលការអញ្ជើញរបស់លោក ត្រាំ បំពេញទស្សនកិច្ចនៅទឹកដីអាមេរិកនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ នេះបើតាមខុទ្ទកាល័យរបស់ប្រធានាធិបតួកគីដែលបានចេញផ្សាយ ។
កាលពីដើមសប្តាហ៍កន្លងនេះ លោក Erdogan បានថ្លែងថា តួកគីនឹងបង្កើតតំបន់សុវត្ថិភាពមួយស្ថិតនៅភាគខាងជើងទឹកដីស៊ីរីដោយខ្លួនឯង បើសិនការអនុវត្តតាមកិច្ចព្រមព្រៀងរវាងទីក្រុងអេងការ៉ា និងទីក្រុងវ៉ាស៊ីនតោនមិនមានភាពជឿនលឿនទៅមុននោះទេ ។ លោក Erdogan បានបន្ថែមថា ប្រទេសបរទេសព្យាយាមប្រើប្រាស់រនាំងជនភៀសខ្លួនដើម្បីឲ្យតួកគីលុតជង្គង់ ៕