ខេត្តបន្ទាយមានជ័យ ៖ នៅក្មេងៗសោះ មានគំនុំសងសឹកមិនអាចទប់ចិត្តបាន រវាងជនបង្ក និងជនរងគ្រោះ ដើម្បីសងសឹកតបវិញបបួលគ្នាទៅកម្ទេចម៉ូតូរបស់គូសត្រូវខ្ទេចអស់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថចុះបង្ក្រាបបាន៥នាក់ កាលពីវេលាម៉ោង២រសៀល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅពេលកើតហេតុនោះ ជនរងគ្រោះឈ្មោះ វីន អ៊ីចិន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រាប់ថា នៅពេលយប់ ខ្លួន និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារសហគមន៍ដើម្បីទិញស្បែកជើង ពេលពួកខ្លួនចូលដល់ក្នុងផ្សារ ស្រាប់តែមានគេប្រាប់ថា មានក្មេង១ក្រុម បានប្រើពូថៅកាប់ម៉ូតូរបស់ខ្លួនខ្ទេចអស់ហើយពេលនោះ ខ្លួនចេញមកមើលម៉ូតូខ្លួនខ្ទេចអស់ដោយសារក្មេងកាប់មែន បានដាក់ពាក្យប្តឹងក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនបានចំនួន៥នាក់ រួមមាន ៖
១-ឈ្មោះ សុខ គឹមណង ភេទប្រុស អាយុ១៥ឆ្នាំ ២-ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ ថុង ហេង ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះ ប៉ែន ឡុងស៊ាង ភេទប្រុស អាយុ១៥ឆ្នាំ និង៥-ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងភ្លើង ទាំង៥នាក់ រស់នៅភូមិទួលពង្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ពូថៅ១ដើម ខ្សែច្រវាក់ថ្ពក់សោខាងចុង និងមានស្នាប់ដៃសម្រាប់កាន់១ខ្សែឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានហើយ បានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនឈ្មោះប៉ែន ឡុងស៊ាង ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយម្ចាស់ម៉ូតូនេះធ្លាប់កាប់ម៉ូតូរបស់ក្រុមខ្លួនដែរពេលកន្លងមក។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ សំ វិច្ឆិកា