ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េ សាំស៊ុង ត្រូវពលរដ្ឋប្តឹងរឿងឆបោកប្រាក់ ថានាំទៅធ្វើការនៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រុស-ស្រីចំនួនជាង១០នាក់ តំណាងឲ្យពលរដ្ឋរាប់រយនាក់ បាននាំគ្នាទៅប្តឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយធ្វើអន្តរាគមន៍ ខណៈដែលពួកគាត់បានចាញ់បោកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េយីហោ” សាំស៊ុង” ដែលស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយក្រុមហ៊ុនមួយនេះ បានជ្រើសរើសពលរដ្ឋខ្មែរ ដើម្បីទៅធ្វើការនៅក្រៅប្រទេស ដោយម្នាក់ៗ ត្រូវបង់ប្រាក់ចាប់ពី១,០០០ដុល្លារ ទៅ៣០០០ដុល្លារ រហូតមកដល់ពេលនេះ អស់រយះពេលច្រើនខែមកហើយ មិនបានអ្នកណាម្នាក់ទៅធ្វើការឯណានោះឡើយ ហើយពេលពួកគាត់ទៅទារលុយវិញ ម្តងថាថ្ងៃនេះម្តងថាថ្ងៃនោះ ទើបដឹងថាចាញបោកគេ  ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរងគ្រោះ បានឲ្យដឹងថា ពួកគាត់ជាច្រើននាក់បានមកចុះឈ្មោះ បង់ប្រាក់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េយីហោ” សាំស៊ុង” មានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ហើយមិនមែនមានតែជាង១០នាក់នេះទេ គឺមានប្រជាពលដ្ឋរាប់រយអ្នកទៀតដែលបានចុះឈ្មោះ ដោយក្នុងម្នាក់ៗ ត្រូវបង់ប្រាក់ចាប់ពី១,០០០ដុល្លារ រហូតដល់៣,០០០ដុល្លារ និងមានចេញឯកសារ(វិក័យប័ត្រត្រឹមត្រូវ) ដោយសន្យានឹងនាំទៅធ្វើការនៅបរទេស តែផ្ទុយទៅវិញ រាប់ខែទៅហើយ ពួកគាត់មិនត្រូវបានក្រុមហ៊ុនមជ្ឈមណ្ឌលខាងលើនេះ ចាត់បញ្ជូនទៅធ្វើការឯណាឡើយ អ្នកខ្លះទើបបង់លុយ អ្នកខ្លះក៏បានបង់លុយគ្រប់ តែចុងក្រោយទើបដឹងថាចាញ់បោកគេមែន ។

ក្រោយពីដឹងថា ចាញ់បោកក្រុមហ៊ុនហើយ ពួកគាត់ក៏នាំគ្នាទៅតវ៉ាសុំដកលុយវិញ ខាងតំណាងមជ្ឈមណ្ឌលផងដែរ ប៉ុន្តែម្តងថាថ្ងៃនេះ ថ្ងៃនោះ យកលេសកុហក់រហូត ទើបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ពួកគាត់នាំទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍កាកាប២ ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ផងដែរ ។

ដោយឡែកខាងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េយីហោ” សាំស៊ុង” អង្គភាពកាសែតនគរវត្តមិនអាចទំនាក់ទំនងបានទេ ព្រោះគ្មានលេខទូរស័ព្ទ ហើយបើខាងក្រុមហ៊ុនចង់បកស្រាយ យើងរង់ចាំស្រាយបំភ្លឺជូន ៕ សុខា សែនជ័យ


ចែករំលែក៖