បច្ចេកវិទ្យាសព្វាវុធ របស់ចិន កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការខិតខំអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន ដើម្បីធ្វើឲ្យមានតុល្យភាពយោធាជាមួយអាមេរិក ។ អាវុធរបស់ចិន ក៏ទទួលបានអតិថិជនជាច្រើន ទិញយកទៅប្រើប្រាស់ ដោយមានតម្លៃថោក តែប្រសិទ្ធភាពខ្ពស់ ក្នុងនោះ មានយន្តហោះវាយលុកគ្មានមនុស្សបើក ។
អ្នកឯកទេសយោធាជនជាតិរុស្ស៊ីលោក Xergey Linnhik បានវិភាគ ពីយន្តហោះគ្មានមនុស្សបើក វាយលុករបស់ចិន កាន់តែមានប្រសិទ្ធិភាពខ្ពស់ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅក្នុងតំបន់ ។
នៅដើមឆ្នាំ២០១៨ ចិនបានលក់យន្តហោះគ្មានមនុស្សបើក ទៅក្រៅប្រទេស រហូតដល់៣០គ្រឿង ប្រភេទ CH-4B មានតម្លៃសរុប៧០០លានដុល្លារ ។ យន្តហោះដែលលក់ទៅក្រៅប្រទេសនោះ បានបើកការវាយប្រហារ ជាង១ពាន់លើក ទាំងហ្វឹកហាត់ និងធ្វើសង្គ្រាមវាយប្រហារពិត ។ យន្តហោះគ្មានមនុស្សបើកនោះ អាចហោះហើរបាន១០ ម៉ោង ហើយវាយប្រហារដោយមីស៊ីល ទៅលើគោលដៅ យ៉ាងមានប្រសិទ្ធិភាព ។ កម្រិតនៃការវាយប្រហារចំគោលដៅ មានរហូតដល់ទៅ ៩៥ភាគរយ ។
យន្តហោះគ្មានមនុស្សបើកខាងលើ របស់ចិន មានសមត្ថភាព ប្រហាក់ប្រហែល និង UAV MQ-1 Predator របស់អាមេរិក ។ នៅពេលនេះ មានប្រទេសជាច្រើន ចាប់អារម្មណ៍ ចង់ទិញយន្តហោះគ្មានមនុស្សបើក របស់ចិនខាងលើ ដោយមានតម្លៃថោក និងមានប្រសិទ្ធិភាពខ្ពស់ ។
យន្តហោះគ្មានមនុស្សបើកខាងលើរបស់ចិន មានសមត្ថភាព ទាំងស៊ើបអង្គេត ទៅលើទីតាំងសត្រូវ ហើយអាចវាយប្រហារកម្ទេចទីតាំង ទាំងនោះបានយ៉ាងល្អបំផុត ។
នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានជំរុញឲ្យក្រុមអ្នកជំនាញខិតខំអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក កាន់តែទំនើប ដើម្បីបំពេញតម្រូវការធ្វើសង្គ្រាម ក្នុងសម័យបច្ចេកវិទ្យាទំនើប ៕