ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបឃាត់រថយន្ត១បាំងកន្លះ១គ្រឿង ដែលដឹកមាន់សាច់ខុសច្បាប់ជាង៦០០ក្បាល នៅច្រករបៀងណងចាន់នៃព្រំដែនកម្ពុជា ថៃនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការជាមួយកម្លាំងអធិការនគរបាលស្រុកអូរជ្រៅបានធ្វើការស្ទាក់ឃាត់ចាប់បានរថយន្ត១គ្រឿងម៉ាកនីសាន់Nissanផលិតឆ្នាំ១៩៩៣ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ 2A-4893 ដែលផ្ទុកមាន់ពងចម្រុះមាន់ក្រហមសរុបស្មើនឹង៦៤០ក្បាល ៨០តាកា x ៨ក្បាល/តាកា។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្តដែលដឹកមាន់តាមច្រកល្បៀងណងចាន់ ដែលម្ចាស់រថយន្តមានឈ្មោះ នី ថន ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដឹកចេញពីចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រង់លើផ្លូវជាតិលេខ ៥៨ ដែលការដឹកជញ្ជូនសត្វមាន់ខាងលើនេះ មិនមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្វីបញ្ជាក់នោះឡើយ ។
លោកហ៊ុយ ទូច និយាយបន្តថា បន្ទាប់មកមន្ត្រីជំនាញ បាននាំយករថយន្តល្មើសខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុកនៅកន្លែងចត្តាឡឺស័កការិយាល័យស្ថិតនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់និងចាត់ការតាមវិធានពេទ្យសត្វជាបន្តទៀត ៕ សំ វិច្ឆិកា