ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយឪពុកយំស្ទើរសន្លប់ស្តាយកូនស្រីលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ​៖​ ម្ដាយ​ឪពុក​ បាន​ត្រឹមតែ​អង្គុយ​មើល​មុខ​សព​កូន យំ​បោក​ខ្លួន​ដូច​សត្វ​អក​ ដោយសារ​តែ​កូន​ជាទី​ស្រឡាញ់​ស្មើ​ជីវិត​ បាន​លង់​ទឹក​ស្លាប់​ បាត់​បង់ជីវិត​តែ​មួយ​ប៉ប្រិច​ភ្នែក​ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រោយ​ផ្ទះ​ក្នុង​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។

លោក​រ័ត្ន ស៊ីណង់ អភិបាលស្រុក​មង្គល​បូរី​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ សាន់ ជី​វ៉ាន ភេទ​ស្រី អាយុ​១០​ឆ្នាំ ឪពុក​ឈ្មោះ ផាន់ វី អាយុ​៣២​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ពូន តុ​ប អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ​នោះ អ៊ំ​ស្រី​របស់​កុមារ​រងគ្រោះ​ បាន​ចេញពី​ផ្ទះ​ទៅ​បោច​ស្មៅ ស្រប​ពេល​នោះ​ កុមារី​រងគ្រោះ​ បាន​សុំ​អ៊ំ​ទៅលេង​ទឹក​ដែរ​ ហើយ​អ៊ំ​ស្រី​ក៏បាន​និយាយ​ថា​ ប្រយ័ត្ន​លង់ទឹក​ស្លាប់ ក្មេង​ស្រី​បាន​និយាយ​ថា​ ខ្ញុំ​ទៅ​២​នាក់​មិត្តភក្ដិ។ និយាយ​រួច ​អ៊ំ​ស្រី​ក៏​ទៅ​បោច​ស្មៅ​បាត់។ លុះ​វិល​ត្រឡប់មកផ្ទះ​វិញ ​នៅ​មិនឃើញ​ក្មួយ​ស្រី​មក​ផ្ទះ​ទៀត​ សង្ស័យ​ នាំគ្នា​ទៅរក​នៅក្រោយ​ផ្ទះ​ឃើញ​កុមារី​ដែល​ទៅជា​មួយ​បានត្រឹមតែ​ឈរ​មើល​មិត្តភក្ដិ​លង់ទឹក ​មិនអាច​ជួយ​អ្វី​បាន​ ដោយសារ​តែ​កុមារី​លង់ទឹក​យូរ​ពេក​ គ្មាន​អ្នក​ណាដឹង​ ក៏​បណ្តាល​ឲ្យ​កុមារី​នោះ​ស្លាប់​ទៅ​។ ម្តាយ ឪពុក អ៊ំ​ស្រី និង​អ្នកភូមិ ​បានត្រឹមតែ​ស្រង់​កូន​យកមក​ផ្ទះ​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​តែប៉ុណ្ណោះ​ ៕​ សំ វិច្ឆិកា


ចែករំលែក៖