ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​នៅតែត្រូវប៉ាន់

ចែករំលែក៖

បើទោះបីជា​នៅតាមបណ្តាខេត្តនានា​ហាក់ដូចជាស្ងប់ស្ងាត់ចំពោះបញ្ហាបទល្មើសព្រៃឈើ ការដឹកជញ្ជូនព្រៃឈើ​បែបណាក៏ដោយ ប៉ុន្តែនៅខេត្តសៀមរាប នៅតែមាន​ការដឹកជញ្ជូនឈើ​ចូលមកទីរួមខេត្ត​ជាធម្មតា ។ ប្រការនេះ​ត្រូវគេយល់ថា វាជា​ផលប្រយោជន៍​យ៉ាងជាប់លាប់​របស់លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។ គេសង្កេតឃើញរថយន្តធំៗដឹកឈើ​ចូលខេត្តសៀមរាប​ជារៀងរាល់ថ្ងៃ ហើយពួកឈ្មួញទាំង​នោះ​អះអាងថា សុទ្ធតែបានចំណាយប្រាក់​ឲ្យមេព្រៃនៅខេត្តសៀមរាបអស់ហើយ ទើបអាចដឹកជញ្ជូនជាចំហរបានយ៉ាងដូច្នេះ ។ ប្រភពបន្ថែមថា ​ឈើ​ខ្លះ​ត្រូវបានអារច្រៀកក្នុងភូមិសាស្ត្រ​ខេត្តសៀមរាប និងខ្លះដឹកមកពីខេត្តព្រះវិហារ ។

ដោយសម្អាងទៅលើបញ្ហាមានច្បាប់ទម្លាប់ ឈ្មួញបានដឹកឈើចូលក្រុងសៀមរាប​ទាំងថ្ងៃ ដោយមិនញញើត​នរណាឡើយ? ញញើតនរណា​បើប្រធានមន្ទីរកសិកម្ម​​ជាអ្នក​ចេញច្បាប់ហើយនោះ? ប្រការនេះធ្វើឲ្យពួកឈ្មួញភាគច្រើន​ងាកមករត់រកច្បាប់របស់លោក​ទា គឹមសុទ្ធ ដើម្បីដឹកឈើ​ចូល​ខេត្ត​សៀមរាប ដែលឈ្មួញភាគច្រើនមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ប្រភពបន្ថែមថា ឈ្មួញ​នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រុកដឹកឈើចូលខេត្តសៀមរាប​ក្រោមការសម្របសម្រួលរបស់លោក ទា គឹមសុទ្ធ ដោយមិនគិតអំពីមហន្តរាយ​អ្វីនោះឡើយ ។ ឈើខ្លះ​ត្រូវគេ​អារចេញពីព្រៃ រួចយកមក​ក្រឡៃថាជាឈើ​ស្របច្បាប់​ ឬឈើ​ដែលមានច្បាប់អនុញ្ញាត​ ។ ប៉ុន្តែ​វាជាការឃុបឃិត​របស់លោកប្រធានមន្ទីរ និងពួកឈ្មួញនោះតែប៉ុណ្ណោះ ។ គេនិយាយថា រឿងព្រៃឈើ​លោក ទា គឹមសុទ្ធ ច្បាស់ណាស់ ព្រោះលោកកាន់កិច្ចការនេះជាយូរឆ្នាំមកហើយ ។

បទល្មើសព្រៃឈើនៅខេត្តសៀមរាប ពោលគឺការដឹកជញ្ជូនឈើនៅតែបន្តកើតមានជាហូរហែ ។ មើលទៅហាក់ដូចជារឿងតូចតាច ប៉ុន្តែប្រសិនបើគណៈកម្មការជាតិ​បង្ក្រាបបទល្មើស ធនធានធម្មជាតិ​មិនចាត់វិធានការទេនោះ វា​បង្កមហន្តរាយធំនាពេលអនាគត ហើយអ្នកដែលទទួលបាន​ផលប្រយោជន៍ពីមហន្តរាយនេះ គឺមានតែប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងបក្ខពួក​របស់គេប៉ុន្មាននាក់ប៉ុណ្ណោះ ។ ពួកមន្ត្រីមេព្រៃខេត្តសៀមរាប ដែលជាកូនចៅរបស់លោក ទា គឹមសុទ្ធ សុទ្ធតែជាអ្នកមានជំនាញ​ក្នុងការស្វែងរកផលប្រយោជន៍ ជូនមេដឹកនាំរបស់ពួកគេ ។ ក្រសួងកសិកម្ម​មិនឃើញមានចំណាត់ការយ៉ាងណា​ចំពោះពួកមេព្រៃ​និងប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនោះទេ ៕


ចែករំលែក៖