ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសជលផលនៅស្រុកសន្ទុក​កើតមានជាចំហរ

ចែករំលែក៖

ប្រជាពលរដ្ឋ​រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ​បានរាយការណ៍ថា បទល្មើស​នេសាទ​នៅក្នុងមូលដ្ឋានរបស់ពួកគាត់​បានកើតឡើង​ជាចំហរ តាមរយៈការ​ដាក់​ឧបករណ៍នេសាទ​ចាប់យកត្រីច្រើនប្រភេទ ។ ពួកឈ្មួញអ្នកនេសាទល្មើសច្បាប់​បានឃុបឃិតជាមួយ​លោក គូ ប៊ុនទឹង នាយសង្កាត់រដ្ឋបាលជលផល​ត្រួត​៥ស្រុក​ក្នុងខេត្តកំពង់ធំ គឺជាអ្នកបើកដៃ​ឲ្យ​មាន​ការនេសាទល្មើសច្បាប់ ។ ប្រធានមន្ទីរកសិកម្ម​ខេត្តកំពង់ធំ​លោក ប៉ែន វណ្ណរិទ្ធ ដែលមានជំនាញ​ខាង​ជលផល​ស្រាប់នោះ ចាត់ទុកលោក​គូ ប៊ុនទីង ជាសេនាដៃស្តាំ​ក្នុងការ​រកផលប្រយោជន៍​ឲ្យខ្លួន ។ រីឯអាជ្ញាធរខេត្ត​ក៏ផ្តេកផ្តួល​​ក្នុងរឿងនេះដែរ ។

ប្រភពព័ត៌មានបានរាយការណ៍ថា បទល្មើសនេសាទ​នៅចំណុចបឹងខ្វែក, ចំណុចអង្លង់ព្រីង, ចំណុចបឹងព្រួស, ចំណុចចាមបាច, ចំណុចបឹងកណ្តាល និងចំណុច​បឹងក្រចៅ ក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ គឺសុទ្ធតែក្រោមការគ្រប់គ្រង និងចាត់ចែង​របស់លោកគូ ប៊ុនទឹង ទាំងអស់ ។ អ្នកនេសាទ​ល្មើសច្បាប់នៅចំណុចខាងលើ​ភាគច្រើនមកពីខេត្តសៀមរាប ។ ពួកគេ​ត្រូវរ៉ូវ​ជាមួយ​លោកគូ ប៊ុនទឹង តាមរយៈការផ្តល់លាភសក្ការ​ប្រចាំរដូវផង ប្រចាំខែផង ទើប​ប្រព្រឹត្តល្មើស​បានជាចំហរ និងដោយសេរីយ៉ាងនេះ ។ ពួកគេនិយាយថា ត្រូវតែបង់ប្រាក់​ឲ្យលោក គូ ប៊ុនទឹង យកទៅចាត់ចែង​បន្តជូនថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ បើមិនដូច្នោះទេ ពួកគេមិនអាចប្រព្រឹត្តបទល្មើសនេសាទជាចំហរដូចសព្វថ្ងៃនេះបានឡើយ ។

លោកគូ ប៊ុនទឹង​ត្រូវគេអះអាងថា ជាស្តេចក្រាញ់​នៃមន្ត្រីជលផល​ក្នុងការអនុញ្ញាត​ឲ្យមានបទល្មើសនេសាទ​ដោយមិនខ្វល់​ចំពោះការរិះគន់ពីសំណាក់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាននោះឡើយ ។ ការ​ដែលប្រជាពលរដ្ឋកត់សម្គាល់​យ៉ាងដូច្នេះ ពីព្រោះថា បើទោះបីជាប្រជាពលរដ្ឋរាយការណ៍អំពីបញ្ហាបទល្មើស​បែបណាក៏ដោយ គឺមន្ត្រីជលផល​ខេត្ត​ក្រោមអំណាចលោកប៉ែន វណ្ណរិទ្ធ មិនចុះមកបង្ក្រាបនោះឡើយ ហើយបើតាមខ្សែបណ្តោយរបស់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត គឺរឹតតែសូន្យឈឹងទៀតផង ។ ប្រជាពលរដ្ឋនិយាយថា មិនសង្ឃឹមអាជ្ញាធរ​ និងស្ថាប័នជំនាញ​ក្នុងខេត្តកំពង់ធំចុះបង្ក្រាបបទល្មើស​នេសាទ​នោះទេ ពីព្រោះ​ទាំងថ្នាក់ដឹកនាំខេត្ត ទាំង​ស្ថាប័នជំនាញ​(កសិកម្ម) ហាក់ដូចជាត្រូវ​ថ្នាំលោកគូ ប៊ុនទឹង មន្ត្រីជលផលនោះអស់ទៅហើយ ៕


ចែករំលែក៖