ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៥ម្នាក់ សង្ស័យខឹងម្ដាយអប់រំណែបន្ដិតបន្តួចសោះ សម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ក្មេងប្រុសចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឈ្មោះ អន ម៉េងអៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុ មានឪពុកឈ្មោះ អុន អន ភេទប្រុស អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ វ៉េង ស្រីម៉ៅ អាយុ៣៨ ឆ្នាំ ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្រ្ដីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះ បានសួរទៅកូន(ក្មេងប្រុសរងគ្រោះ)ខ្លួនថា ទូរស័ព្ទដែលកូនប្រើ ឥលូវនៅណា មិនឃើញចឹង ភ្លាមនោះកូនឆ្លើយវិញថា យកទៅឲ្យជាងធ្វើ បន្ទាប់មកស្រ្ដីជាម្ដាយ បានអប់រំណែនាំកូនខ្លួនថា៖ កូនសេពគប់មិត្តភក្ដិ ត្រូវដើរជាមួយមនុស្សល្អៗ កុំដើរជាមួយមនុស្សដែលមិនល្អឲ្យសោះ ព្រោះវានាំទុកដល់ខ្លួន បន្ទាប់និយាយអប់រំណែនាំកូនរួច ម្ដាយក្មេងប្រុសរងគ្រោះ បានទៅធ្វើការនៅក្រុមហ៊ុន7NG ដោយជនរងគ្រោះ នៅផ្ទះជាមួយប្អូនស្រី ។
លុះមកដល់ម៉ោង១៧និង៣០នាទី ថ្ងៃ/ខែដដែល ក្មេងប្រុសរងគ្រោះ បានចូលក្នុងបន្ទប់ទឹក ក្រោមផ្ទះ ដោយដាក់គន្លឹះពីក្នុង រហូតមកដល់ម៉ោង១៨និង១០នាទី មិនឃើញក្មេងប្រុសរងគ្រោះ ចេញពីបន្ទប់ទឹកវិញ មានការសង្ស័យ ទើបក្មេងស្រីឈ្មោះ អន ស្រីឡែន ជាប្អូនស្រីក្មេងប្រុសរងគ្រោះ អើតមើលតាមប្រលោះព្រិលបន្ទប់ទឹក ក៏ឃើញបងរបស់ខ្លួន ចងក.សម្លាប់ខ្លួន ក៏ផ្អើលឆោឡោហៅអ្នកជិតខាងឲ្យជួយធាក់ទ្វារ ចូលជួយ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ភ្លាមនោះក៏រាយការណ៍ជូនសមត្ថជំនាញស្រុក ចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារចងក.ធ្វើអត្តឃាតប្រាកដមែន ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ