ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់បានគោយន្តកន្ត្រៃ២គ្រឿងប្រគល់ឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូកក្នុងស្រុកថ្ពង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកថ្ពងបានឲ្យដឹងថា នៅវាលាម៉ោង០៧និង៤៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯកច័ន្ទ កក្កដា សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចំណុចភូមិថ្នលទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីរលោកអនុសេនីយ៍ឯក ច័ន្ទ កក្កដា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការចុះប្រតិបត្តិការខាងលើនោះ ដកហូតបានវត្ថុតាងរួមមាន៖ គោយន្តកន្ត្រៃចំនួន២គ្រឿង និងឈើមូលចំនួន១០ដើម ស្មើនឹង៣,៤១៧ម៉ែត្រគូប ជាប្រភេទឈើចំរុះ និងកូនឈើប្រភេទកូនខ្លុងមានមុខកាត់មួយតឹកកន្លះចំនូន១៨ដើម។

ចំណែកវត្ថុតាងបានប្រគល់ឲ្យជំនាញរដ្ឌបាលព្រៃឈើកសាងសំណុំរឿងតាមនីតិវិធី។

បើតាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ក្រុមគោយន្តកន្ត្រៃដែលធ្វើសកម្មភាពដឹកជញ្ជូនឈើកន្លងមក និងថ្មីៗនេះចេញពីដែនជម្រកសត្វព្រៃឱរ៉ាល់ជួរភ្នំក្រវាញកណ្ដាលខេត្តពោធិសាត់ ចូលមកស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានចំនួន៣ចំណុច ទី១.ចំណុចជាំ ទី២.ចំណុចស្រែកិន និងទី៣.ចំណុចអូរត្រាវ ។

តាមប្រភពដដែលប្រាប់បន្តថា នៅចំណុចជាំនិងចំណុចស្រែកិន លុះត្រាមានសភាពការណ៍ស្ងប់ស្ងាត់ល្អគ្មានអ្នកសារព័ត៌មាន ដែលជិះរថយន្តឡិចស៊ីស ព័ត៌ស្ករ ពាក់ស្លាកលេខ ៩៨២០ រថយន្តកាមរីហើម ពាក់ស្លាកលេខ ១៩៧៧ និងរថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខ ៦០៥៥ ឬមនុស្សចំឡែក ដូចជាលោកចំណាប់ជាដើម ចេញចូលទើបគេសង្កេតឃើញមានក្បួនគោយន្ដកន្រ្តៃដឹកជញ្ជូនឈើធ្វើសកម្មភាពបែបនេះបាន ហើយការដឹកជញ្ជូនឈើនេះទៀតសោត គេសង្ស័យថា មានការបើកភ្លើងខៀវពីលោក ខន សុខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហើយទើបមានការដឹកជញ្ជូនឈើបែបនេះនោះ ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីលោក ខនសុខុន ជាប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់បានទេ ដោយមិនមានលេខទូរស័ព្ទ ។ អ្នកយកព័ត៌មានស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័ជានិច្ច ដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិត និងយុត្តិធម៌ តើឈើ និងគោយន្តកន្ត្រៃដឹកចេញពីចំណុចខាងលើនេះមែនដែរ ឬទេ? ៕ សេនាស័ក្តិ


ចែករំលែក៖