ព័ត៌មានទាន់ហេតុការណ៍៖

នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋជំរិតទារលុយពីរថយន្តដឹកឈើរាប់រយដុល្លារជាថ្នូរមិនចាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យោងតាមការបង្ហើបពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោកចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងមន្ត្រី៣ទៅ៤នាក់ទៀត បានជំរិតទារប្រាក់ពីម្ចាស់រថយន្តដឹកឈើដេប៉ូចំនួន៥០០ដុល្លារអាមេរិកជាថ្នូរមិនឃាត់ចាប់ ។

ប្រភពដដែលបានបន្ថែមថា នៅមុនពេលកើតហេតុរថយន្តដឹកឈើខាងលើបានដឹកឈើចេញពីដេប៉ូ នៅក្នុងស្រុកសំរោងទងឆ្ពោះទៅលក់បន្តនៅក្នុងស្រុកបសេដ្ឋបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ឆ្លងទៅផ្លូវជាតិលេខ៤១ ស្រាប់តែលេចមុខលោក ចាន់ ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋក្រោមការបញ្ជារពីលោកសួរ គឹមស្រ៊ាង នាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋឃាត់ចាប់រថយន្តខាងលើ បើទោះបីជាម្ចាស់បានបង្ហាញឯកសារហើយក៏ដោយ ក៏លោកចាន់ ឃន ជំរិតទារលុយចំនួន៥០០ដុល្លារទើបឲ្យបើកបន្តទៅមុខទៀត។

ប្រភពពីមន្ត្រីសមត្ថកិច្ចនិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា កន្លងមកលោកសួរ គឹមស្រ៊ាង និងលោកចាន់ ឃន ខាងលើនេះ តែងតែប្រព្រឹត្តអំពើពុករលួយទារលុយកាក់ពីប្រជាពលរដ្ឋ ដឹកអុស ដឹកបង្គោលរបង ដឹកដុលជាដើមជាថ្នូរ និងលុយរាប់រយដុល្លារអាមេរិក ជាថ្នូរមិនចាប់បង្ក្រាប តាំងពីលោកសួរ គឹមស្រ៊ាងនោះឡើងមកកាន់អំណាចមិនដែលចាប់បង្ក្រាបបានម្តងណាឡើយ។ជាពិសេសនៅក្នុងស្រុកបសេដ្ឋនេះមានម៉ាស៊ីនរ៉ៃអារឈើរបស់ឈ្មួញដាក់រាប់ឆ្នាំមកហើយមិនដែលបង្ក្រាបបានម្តងណាឡើយ ។

ដូចនេះទង្វើខាងលើរបស់លោកសួរ គឹមស្រ៊ាង នាយសង្កាត់បសេដ្ឋខាងលើនេះ សូមលោកចាន់ មុន្នីនាថនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋជួយពិនិត្យមើលទង្វើររបស់លោកនាយសង្កាត់ម្នាក់នេះផង ។

ពាក់ពន្ធ័ នឹងការចោទប្រកាន់លោកនាយរងសង្កាត់ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបកស្រាយពីលោកចាន់ ឃន នាយរងសង្កាត់ និងលោកសួរ គឹមស្រ៊ាង នាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋបានទេ ៕ សេនាស័ក្តិ


ចែករំលែក៖