ខេត្តកំពង់ស្ពឺ៖ មនុស្សបីនាក់ដែលម្នាក់ជាតៃកុង និងពីរនាក់ទៀត រួមដំណើរជាមួយបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបាក់ចន្ទាស ហើយរុលស៊ីទែននៅពីលើមកបុកនឹងកាប៊ិនរួចមក ។ ក្រោយកកើតហេតុ តៃកុងបានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាង និងអ្នករួមដំណើរដែលរងរបួសនៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៣និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ 55-56 ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ 3E-6398 មានសណ្តោងសឺម៉ីរ៉ឺម៉ក មានដឹកស៊ីទែនពីលើ (រថយន្តឯកជន ) អ្នកបើកបរឈ្មោះ សុខ ធៀន ភេទប្រុស អាយុ ៤២ឆ្នាំ ( រត់គេចខ្លួនបាត់ ) មានដឹកអ្នករួមដំណើរជាមួយចំនួន3នាក់ សុខ យំ ភេទស្រី អាយុ ៤៦ឆ្នាំ ( របួសស្រាល ), ឈ្មោះ រ៉េត យុត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ( របួសស្រាល ) និងហឿន នីតា ភេទស្រី អយុ៩ឆ្នាំ ( របួសធ្ងន់ ) អ្នកទាំងរស់នៅភូមិត្បែង ឃុំតាកូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពបន្តថា រថយន្តមានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ រថយន្តបានបាក់ចន្ទាសផ្នែកខាងមុខ បណ្តាលឲ្យស៊ីទែនដែលដឹកពីលើរុញមកបុកនឹងក្បាលរថយន្ត បង្កឲ្យរបួសមនុស្សចំនួន៣នាក់ ស្រី២នាក់ និងខូចរថយន្ត១គ្រឿង កម្រិតស្រាល ។
ក្រោយកើតហេតុ សមត្ថកិចហចបានទាក់រថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអអិការដ្ឋាននគរបាលស្រុក រង់ចាំស្រាវជ្រាវរកម្ចាស់មកបំពេញបែបបទទួលយកទៅវិញ ។ ចំពោះអ្នករបួសដែលគៀបជាប់ក្នុងរថយន្ត សមត្ថកិច្ចបានយកចេញរួចហើយ បញ្ជូនទៅពេទ្យដើម្បីសង្រ្គោះ ៕សេនាស័ក្តិ