ភ្នំពេញ៖ ជនសង្ស័យ១៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការ ករណីលួច រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។
ការបញ្ជួនជនសង្ស័យទាំង១៣នាក់នេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនោះ រួមមាន៖ ករណីលួច ៣រឿង មានមនុស្ស៣នាក់, រក្សាទុកគ្រឿងញៀន១រឿង មានមនុស្ស២នាក់ និងប្រើប្រាស់គ្រឿងញៀន៤រឿង មានមនុស្ស៧នាក់ ។
មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបាន ទាន់ពេលវេលាផងដែរ ៕ ចន្ទ លីហ្សា