ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២

ចែករំលែក៖

ប្រទេសថៃៈព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែលនេះ ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ដែលបានប្រារព្វពិធីបើកជាផ្លូវការ​ នៅទីក្រុងបាងកក​ ព្រះរាជាណាចក្រថៃ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ នាពេលនេះ​ គឺមានវត្តមាន នៃការយាង​ និងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និង​ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង។ នៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តី​ចិន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើននានា នៃទំនាក់​ទំនងរវាងអាស៊ាន-ចិន ក្នុងរយ:ពេលជាង២០ឆ្នាំកន្លងមក។

ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំ​អាស៊ាន-ចិន បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដ៏សំខាន់រវាងអាស៊ាន និងចិន ឲ្យកាន់តែប្រសើរឡើង និងបានទទួលនូវការលើកទឹកចិត្តចំពោះវឌ្ឍន​ភាព នៃការចរចាដ៏មានសារ:សំខាន់ ឆ្ពោះទៅកាន់ការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC​) យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងមានសារ:សំខាន់ ស្របតាមពេលវេលាកំណត់ ដែលបានឯកភាពដោយបណ្តាភាគី។

កិច្ចប្រជុំនេះគឺបានផ្តល់សារ:សំខាន់លើភាពចាំបាច់ ដើម្បីរក្សាបរិយាកាស អំណោយផលសម្រាប់ការចរចា COC ហេតុដូច្នេះយើងបានស្វាគមន៍ចំពោះវិធានការ ជាក់ស្តែង ដែល​អាចជួយកាត់បន្ថយភាពតានតឹង និងហានិភ័យដែលបង្កឲ្យមានគ្រោះថ្នាក់នានា ក៏ដូចជាការយល់ច្រឡំ និងការគិតខុស។ យើងបានបញ្ជាក់អំពីសារ:សំខាន់នៃការកសាងទំនុកចិត្ត និងវិធានការ ទប់ស្កាត់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងបណ្តាភាគី។ យើងបានបញ្ជាក់សាជាថ្មី អំពីភាពចាំបាច់ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ការអត់ធ្មត់ និងការចៀសវាងសកម្មភាពដែលអាចធ្វើ​ឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រនៅឆ្នាំ១៩៨២។

មេដឹកនាំ​អាស៊ាន-ចិន បាន​សង្កត់ធ្ងន់អំពីសារ:សំខាន់ នៃការមិនធ្វើយោធូបនីយកម្ម និងការអត់ធ្មត់ក្នុងការធ្វើសកម្មភាពទាំងឡាយ ដោយរដ្ឋទាមទារអធិបតេយ្យ និងរដ្ឋផ្សេងទៀត រួមទាំងភាគីនៃសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ដែលអាចបង្កភាពស្មុគស្មាញ និងបង្កើនភាព​តាន​តឹង នៅសមុទ្រចិនខាងត្បូង។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ទៅកាន់មេដឹកនាំអាស៊ាន​ ចិនថា កម្ពុជាផ្តល់សារៈសំខាន់ ចំពោះឯកសារចក្ខុ​វិស័យភាពជាដៃគូអាស៊ាន​ ចិន ឆ្នាំ២០៣០ ដែលថ្នាក់ដឹកនាំអាស៊ាន​ ចិន បានដាក់ចេញនូវការប្តេជ្ញា​ចិត្ត រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជំរុញភាពជាដៃគូ ឲ្យកាន់តែស៊ីជម្រៅលើវិស័យសសរស្តម្ភទាំងបី គឺនយោបាយនិងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌។ អាស៊ាន និងចិន គួររួមគ្នាខិតខំប្រែក្លាយចក្ខុវិស័យរួមឆ្នាំ២០៣០ ឲ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បី ប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានអនាគតរួមគ្នា។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេ​ដឹក​នាំអាស៊ាន-ចិន បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ចិន​លើក​ទី២២ ការអនុម័តសេចក្តីប្រកាស​រួម ស្តីពីការពង្រឹងការផ្លាស់ប្តូរបណ្តាញព័ត៌មាន និងកិច្ច​សហប្រតិបត្តិការរវាងអាស៊ាននិងចិន។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-ចិន ស្តីពីគំនិតផ្តួច​ផ្តើម​សហប្រតិបត្តិ​ការ​ទីក្រុងឆ្លាត។ សេចក្តីប្រកាសអាស៊ាន-ចិន ស្តីពីការធ្វើសហកម្មផែនការមេ ស្តីពី​ការតភ្ជាប់អាស៊ាន (MPAC) និង​គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI)។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន-ចិន ក៏បានកត់​សំគាល់ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ដើម្បី​អនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាព និង​វិបុលភាព (២០១៦-២០២០)៕


ចែករំលែក៖