ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ប្រទេសថៃៈ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើការជជែកពិភាក្សាទៅលើបញ្ហា០៣ចំណុចសំខាន់ៗ​រួមមាន៖​

ទី១)​ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់ភាគីចិនក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិននឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុនេះ ហើយឯកឧត្តមមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ។

ទី២)​ ទាក់ទងនឹងកិច្ចប្រជុំលើកទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយសម្ដេចតេជោបានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។​ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ។

ទី៣)​ ទាក់ទងទៅនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរ នោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ។ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នាដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។

ក្រៅពីនោះទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះជាឆ្នាំ ដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាពនិងរួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ៕


ចែករំលែក៖