ប្រទេសថៃៈ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែលនេះ បន្ទាប់ពីបានអញ្ជេីញជួបពិភាក្សាការងារជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឌីមីទ្រី មីដវីដេវ( Dmitry Medvedev)នាយករដ្ឋមន្រ្តីនៃប្រទេសរុស្សុី។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីរុស្ស៊ីបានសំដែងនូវភាពរីករាយ ដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីសារជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្របខណ្ឌវេទិកាអន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈសម្ដេចតេជោ គឺឯកឧត្តមសូមថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រ ពីឯកឧត្តមប្រធានាធិបតីពូទីន ហើយនិងពី ឯកឧត្តមផ្ទាល់ផងដែរ។ ឯកឧត្តមចាត់ទុកថា កម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៊ី ហើយឯកឧត្តមបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយយើងចង់បន្តពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗទៀត។ ឯកឧត្តមក៏បានមានប្រសាសន៍ថា ឯកឧត្តមសូមអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានឈ្នះឆ្នោតនៅឆ្នាំ២០១៨កន្លងទៅនេះ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមនាយករដ្ឋមន្ត្រីសារជាថ្មី ដែលចុងក្រោយយើងបានជួបគ្នានៅទីក្រុងប្រ៊ុចស៊ែល មួយឆ្នាំកន្លងទៅហើយ។ សម្ដេចតេជោក៏បានអរគុណចំពោះការថ្វាយព្រះពរដល់ព្រះមហាក្សត្រ ពីឯកឧត្តមប្រធានាធិបតីពូទីន ក៏ដូចជាឯកឧត្តមផងដែរ។ ចំពោះទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានចាត់ទុកថា ប្រទេសទាំងពីរមានទំនាក់ទំនងជាយូរលង់មកហើយ ហើយក៏ជិតស្និទ្ធគ្នាទៀត។
សម្ដេចតេជោបានថ្លែងអំណរអរគុណដល់ប្រទេសរុស្ស៊ី ក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ ហើយមិនតែប៉ុណ្ណោះទេ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ដោយសារកម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំទិវាវប្បធម៌រុស្ស៊ីនៅក្នុងឆ្នាំ២០២០នៅកម្ពុជា និងសូមអរគុណរុស្ស៊ីដែលគាំទ្រកម្ពុជា ឲ្យក្លាយជាប្រទេសសង្កេតការណ៍នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីយោធាកម្ពុជា និងផ្ដល់ជំនួយបច្ចេកទេសក្នុងវិស័យកំចាត់មីនផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្តថា សម្ដេចពិតជារីករាយអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរដែលមានការកើនឡើងកន្លងមកនេះ ហើយក្នុងន័យនេះដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតនោះ សម្ដេចតេជោក៏បានស្នើសុំឱ្យឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីជួយជំរុញវិនិយោគិនរុស្ស៊ីឲ្យមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្ម electronic, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។ សម្ដេចក៏បានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាពរយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ ។
ដោយឡែក ពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, កម្ពុជាក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រជាគោលការណ៍របស់រុស្ស៊ីចំពោះកិច្ចប្រឹងប្រែងឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា កម្ពុជាស្នើសុំឲ្យរុស្ស៊ីគាំទ្រចំពោះការស្នើសុំជាផ្លូវការរបស់កម្ពុជាទៅដល់គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលកន្លងទៅនេះយើងបានស្នាក់ដាក់ស្នើសុំរួចមកហើយ។ ចំណុចមួយទៀត ដោយសារកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។
ឯកឧត្តម នាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានឆ្លើយតបមកវិញថា ប្រទេសរុស្សី ចង់សហការជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្មហើយយើងចង់បន្តផ្ដល់ការគាំទ្រទៅដល់កម្ពុជានៅក្នុង កិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍, ខាងជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។ ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាកិច្ចការមានសារៈសំខាន់ណាស់ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែលយើងអាចចុះកិច្ចព្រមព្រៀងនៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។ ឯកឧត្តមបានបញ្ជាក់ថា យើងអាចមានកិច្ចសហសកាយ៉ាងល្អលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងវិស័យផ្សេងៗទៀតជាពិសេសនៅក្នុងការដោះមីននៅក្នុងវិស័យការពារជាតិដែលប្រទេសរុស្ស៊ីចង់បន្តក្នុងការបណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា។
ក្រៅពីនេះទៀត ពាក់ព័ន្ធនឹងមន្ទីរពេទ្យ ឯកឧត្តមគូសបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់ ហើយយើងនឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារនេះឲ្យបានឆាប់កាន់តែល្អ។ ក្នុងឱកាសនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសក្នុងការជំរុញកិច្ចសហការលើវិស័យជាច្រើនរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងក្របខណ្ឌអាស៊ានដែលកម្ពុជាបានចូលរួមយ៉ាងច្រើននៅក្នុងក្របខណ្ឌអាស៊ាន និងរុស្ស៊ីដើម្បីកិច្ចសហការបន្តទៀត។ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប នៅឆ្នាំ២០២០ ឯកឧត្តមបានថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញឯកឧត្តម ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញ នៅឆ្នាំក្រោយនេះ ដោយឯកឧត្តមនឹងអញ្ជើញចូលរួម។
ពាក់ព័ន្ធនឹងវិស័យការបណ្ដុះបណ្ដាល ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងបន្តជួយដល់វិស័យអប់រំ និងការបណ្ដុះបណ្ដាលដល់កម្ពុជា ហើយជាពិសេសទៀត ឯកឧត្តមមានប្រសាសន៍ថា នៅឆ្នាំក្រោយឆ្នាំ២០២០, ប្រទេសរុស្ស៊ីនឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។ នៅក្នុងជំនួបនេះសម្ដេចក៏បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដំណើរការទៅយ៉ាងល្អ ហើយយើងនឹងបន្តពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ហើយពាក់ព័ន្ធនិងការបណ្តុះបណ្តាលធនធានមនុស្ស សម្ដេចគូសបញ្ជាក់ថា គឺជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ហើយសម្ដេចក៏ថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានជំរុញក្នុងការបន្ថែមអាហាររូបករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ។
ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្សី បានគូសបញ្ជាក់ថាការងារទាំងអស់នេះ ជាពិសេសការបណ្ដុះបណ្ដាលនេះជាមូលដ្ឋាននៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ហើយយើងគោរពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាទៅវិញទៅមកផងដែរ៕