ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤

ចែករំលែក៖

ប្រទេសថៃៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ដើម្បីពិនិត្យមើលពី កាលានុវត្តភាព និងបញ្ហាប្រឈមនានា ដែលបានអនុវត្តនាពេលកន្លងមក និងទិសដៅទៅអនាគត។ មេដឹកនាំទាំងអស់ បានទទួលស្គាល់ថា ជាការពិតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានដើរតួនាទីកាន់តែ សកម្មឡើង ក្នុងនិម្មាបនកម្មតំបន់ ដោយសារភាពពាក់ព័ន្ធ និងប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងតំបន់និងអន្តរជាតិ។

ប្រមុខមេដឹកនាំក៏បានចាត់ទុកថា កិច្ចប្រជុំ​លើក​ទី១៤នេះ គឺពិតជាសារសំខាន់ខ្លាំងណាស់ សម្រាប់ថ្នាក់ដឹកនាំទាំងអស់ ធ្វើការគិតគូនិងមានជំហររួម​គ្នា ដោយប្រកាន់ភ្ជាប់ទៅនឹងទ្រឹស្តីតំបន់និយម និងពហុភាគីនិយម ដែលជាគោលការណ៍និងក្រប​ខណ្ឌដ៏សំខាន់ សម្រាប់ផលប្រយោជន៍រួម និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតឡើងក្នុងគ្រប់ទិដ្ឋភាព។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤នេះដែរ មេដឹកនាំទាំងអស់ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ពិសេសពាក់​ព័ន្ធទៅនិងបម្រែបម្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធគ្រឿងញៀន អំពើភេរវកម្មឆ្លងដែន សន្តិសុខអ៊ីនធើណែត សង្គ្រាមពាណិជ្ជកម្ម បញ្ហាសន្តិសុខក្នុងតំបន់ ពិសេសបញ្ហានៅឧបទ្វីបកូរ៉េ ដែលក្នុងនោះមេដឹកនាំទាំងអស់ បានគូសបញ្ជាក់អំពីសារ:សំខាន់ នៃ​ការបន្តកិច្ចសន្ទនាដោយ​សន្តិវិធី ក្នុងចំណោមភាគពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងសម្រេច​នូវ​សន្តិភាព និងស្ថិរភាព​យូរ​អង្វែងនៅឧបទ្វីបកូរ៉េ និងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងនានា ដោយសាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងចិន ក្នុងការជំរុញកិច្ចពិភាសក្សាជាមួយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។

មេដឹកនាំទាំងអស់ ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើម​កិច្ច​សន្ទនា​គ្នាដោយសន្តិវិធីឡើងវិញ និងបន្តធ្វើការរួមគ្នាដែលនឹងនាំទៅរកការសម្រេច នូវសន្តិភាពនិងស្ថិរភាព​អចិន្រៃ្តយ៍នៅឧបទ្វីបកូរ៉េ តាមរយ:ការអនុវត្តដោយពេញលេញ និងឆាប់រហ័សនូវសេចក្តីប្រកាស​ប៉ានមុនយូម សេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាង និងសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជា​មានិតប្រជាធិបតេយ្យកូរ៉េ ដោយពេញលេញនិងឆាប់រហ័ស។

មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តី​សម្រេចពាក់ព័ន្ធនានា របស់ក្រុម​ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំ​ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែ ពេញលេញនៅ​ឧប​ទ្វីប​កូរ៉េ ពិសេសបានគូសបញ្ជាក់ពីសារ:សំខាន់នៃវេទិកាដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើក​កម្ពស់បរិយាកាសអំណោយផលដល់កិច្ចពិភាក្សាប្រកប​ដោយ​សន្តិ​ភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។

មេដឹកនាំទាំងអស់ក៏បានស្វាគមន៍នូវវឌ្ឍនភាពដែលសម្រេចបាន ក្នុងការ​ចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ និងបានលើកទឹកចិត្តឲ្យ​ភាគី​ទាំង​អស់ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយដែលលេចធ្លោទាំងឡាយ និងឈានទៅបញ្ចប់ការ​ចរចា លើកិច្ចព្រមព្រៀងនោះ ឲ្យបានយ៉ាងឆាប់រហ័ស ខណ:ពេលយើងកំពុងបញ្ជាក់សារជាថ្មីនូវ​អាទិភាព និងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់អាស៊ាន ដើម្បីបញ្ចប់ការចរចារលើកិច្ចពរមព្រៀងនោះ ឲ្យ​បានក្នុង​ឆ្នាំ២០១៩។ យើងសង្កត់ធ្ងន់លើភាពចាំបាច់បំផុត ក្នុងការសម្រេចឲ្យបាននូវគោលដៅ​នោះ ចំពេលដែលយើងកំពុងប្រឈមជាមួយនឹងភាពមិនប្រាកដប្រជា ក្នុងសកលលោក នាពេល​បច្ចុ​ប្បន្ន និងបានសំដែងនូវការជឿជាក់ថា នៅពេលណាការចរចាលើកិច្ចព្រមព្រៀងនោះត្រូវបានបញ្ចប់កិច្ច​ព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយនោះ នឹងរួមចំណែកយ៉ាងធំធេងដល់ការ​ធ្វើ​ពាណិជ្ជ​កម្មមួយ ដែលបើកចំហប្រកបដោយបរិយាប័ន្ន និងដែលផ្អែកលើច្បាប់ជាធរមាន ហើយនឹង​រួមចំណែកដល់​ការពង្រីកខ្សែសង្វាក់គុណតម្លៃនានាផងដែរ។

​​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤នេះដែរ មេដឹកនាំទាំងអស់ បានឈានទៅចេញ​ផ្សាយ សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ការអនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការចែកចាយគ្រឿងញៀន ខុសច្បាប់។ អនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិ​បត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំ នៃកិច្ច​ប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីភាពជាដៃគូដើម្បីចីរភាព៕


ចែករំលែក៖