ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម និងស្ថិតនៅក្នុងក្រុម២ផ្សេងគ្នាត្រូវបានកម្លាំងនគបាលប៉ុស្តិ៍នចោមចៅទី៣ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបានជាបន្តបន្ទាប់ ។ ក្នុងនោះ ក្រុមទី១ឆក់ទូរស័ព្ទអ្នកដំណើរតាមម៉ូតូកង់បីនាវេលាយប់រំលងអធ្រាត្រ ចំណែកក្រុមទី២ ធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅឯខេត្តព្រះសីហនុកាលពីជាងកន្លះខែមុន បានលុយជាង៥ម៉ឺនដុល្លារ ។
ការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេងតាមមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច្ចបានឲ្យដឹងថា ជនសង្ស័យក្រុមទីត្រូវចាប់ខ្លួនបានចំនួន៤នាក់ក្នុងនោះរួមមាន១,ឈ្មោះ សឿន អាណាន់ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌពោធិ៍សែនជ័យ ។
ទី២ជនសង្ស័យឈ្មោះ ខឿន សុភារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង ខណ្ឌសែនសុខ ។ ទី៣ជនសង្ស័យឈ្មោះ អួន លីមហុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី៤ជនសង្ស័យឈ្មោះ ប្រុស ម៉េងហុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រុមនេះជិះម៉ូតូ២គ្រឿងចេញធ្វើសកម្មភាព គឺទី១ម៉ាកហុងដាឌ្រីមសង់០១៦ ពាក់ស្លាកលេខភ្នំពេញ1GI-5018. ទី២ម៉ាកហុងដាឌ្រីមសង់០១៨ ពាក់ស្លាកលេខភ្នំពេញ1HA-0531 ។ ចំណែកក្រុមទី២មានគ្នាចំនួន៣នាក់រួមមាន១,ឈ្មោះ ធឿន ពុទ្ធា អាយុ១៨ឆ្នាំស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ២,ឈ្មោះ ថន មករា អាយុ១៨ឆ្នាំរស់នៅភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៣ ,ឈ្មោះ រង សារ៉ារិទ្ធី អាយុ១៨ឆ្នាំរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បើតាមលោកវរៈសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្រុមទី២ដែលមានគ្នា៣នាក់នេះកាលពីកន្លះខែមុនគឺបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅឯខេត្តព្រះសីហនុបានលុយរហូត៥ម៉ឺនដុល្លារឯណោះ ។
លោកអធិការបានបន្តថា មុនពេលឈានដល់ការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់បែបនេះគឺជនសង្ស័យក្រុមទី១ដែលមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់ លីម ចែ ភេទប្រុស៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាម Pass App ១គ្រឿងនាវេលាយប់រំលងអាធ្រាត្រ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ខណៈនោះជនសង្ស័យឆក់យកបានទូរស័ព្ទដៃដែលជនសង្ស័យឆក់ពីជនរងគ្រោះម៉ាក IPhone 6Plus ពណ៌ផ្កាឈូក ។
លោកបានបន្តទៀតថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣កំពុងល្បាតប្រទះឃើញសកម្មភាពជាក់ស្ដែងទើបដេញតាមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ប្រុស ម៉េងហុង រួចនាំយកទៅសាកសួរទាំងយប់ ។ លុះនៅព្រឹកថ្ងៃទី៣ វិច្ឆិកាដដែលនគរបាលផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បាននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួនទើបចាប់ខ្លួនបក្សពួក៣នាក់បន្ថែមទៀត ។ បន្ទាប់មកទៀតកម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវរហូតចាប់ខ្លួនបានក្រុមទី២ យកមកសាកសួរបន្ត ហើយបានដឹងថាជនសង្ស័យក្រុមទី២នេះមិនធម្មតាឡើយគឺជាមុខសញ្ញាឆក់យ៉ាងសកម្ម និងធ្លាប់ឆក់យកកាបូបលុយជនជាតិចិននៅខេត្តព្រះសីហនុយកលុយអស់ចំនួន៥ម៉ឺនដុល្លារ ។ ពេលនេះកម្លាំងបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ ៕ សុខាសែនជ័យ