ប្រទេសថៃៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ដើម្បីពិនិត្យមើលពី កាលានុវត្តភាព និងបញ្ហាប្រឈមនានា ដែលបានអនុវត្តនាពេលកន្លងមក និងទិសដៅទៅអនាគត។ មេដឹកនាំទាំងអស់ បានទទួលស្គាល់ថា ជាការពិតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានដើរតួនាទីកាន់តែ សកម្មឡើង ក្នុងនិម្មាបនកម្មតំបន់ ដោយសារភាពពាក់ព័ន្ធ និងប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងតំបន់និងអន្តរជាតិ។
ប្រមុខមេដឹកនាំក៏បានចាត់ទុកថា កិច្ចប្រជុំលើកទី១៤នេះ គឺពិតជាសារសំខាន់ខ្លាំងណាស់ សម្រាប់ថ្នាក់ដឹកនាំទាំងអស់ ធ្វើការគិតគូនិងមានជំហររួមគ្នា ដោយប្រកាន់ភ្ជាប់ទៅនឹងទ្រឹស្តីតំបន់និយម និងពហុភាគីនិយម ដែលជាគោលការណ៍និងក្របខណ្ឌដ៏សំខាន់ សម្រាប់ផលប្រយោជន៍រួម និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតឡើងក្នុងគ្រប់ទិដ្ឋភាព។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤នេះដែរ មេដឹកនាំទាំងអស់ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ពិសេសពាក់ព័ន្ធទៅនិងបម្រែបម្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធគ្រឿងញៀន អំពើភេរវកម្មឆ្លងដែន សន្តិសុខអ៊ីនធើណែត សង្គ្រាមពាណិជ្ជកម្ម បញ្ហាសន្តិសុខក្នុងតំបន់ ពិសេសបញ្ហានៅឧបទ្វីបកូរ៉េ ដែលក្នុងនោះមេដឹកនាំទាំងអស់ បានគូសបញ្ជាក់អំពីសារ:សំខាន់ នៃការបន្តកិច្ចសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងសម្រេចនូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ និងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងនានា ដោយសាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងចិន ក្នុងការជំរុញកិច្ចពិភាសក្សាជាមួយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។
មេដឹកនាំទាំងអស់ ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមកិច្ចសន្ទនាគ្នាដោយសន្តិវិធីឡើងវិញ និងបន្តធ្វើការរួមគ្នាដែលនឹងនាំទៅរកការសម្រេច នូវសន្តិភាពនិងស្ថិរភាពអចិន្រៃ្តយ៍នៅឧបទ្វីបកូរ៉េ តាមរយ:ការអនុវត្តដោយពេញលេញ និងឆាប់រហ័សនូវសេចក្តីប្រកាសប៉ានមុនយូម សេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាង និងសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយពេញលេញនិងឆាប់រហ័ស។
មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែ ពេញលេញនៅឧបទ្វីបកូរ៉េ ពិសេសបានគូសបញ្ជាក់ពីសារ:សំខាន់នៃវេទិកាដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើកកម្ពស់បរិយាកាសអំណោយផលដល់កិច្ចពិភាក្សាប្រកបដោយសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។
មេដឹកនាំទាំងអស់ក៏បានស្វាគមន៍នូវវឌ្ឍនភាពដែលសម្រេចបាន ក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ និងបានលើកទឹកចិត្តឲ្យភាគីទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយដែលលេចធ្លោទាំងឡាយ និងឈានទៅបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងនោះ ឲ្យបានយ៉ាងឆាប់រហ័ស ខណ:ពេលយើងកំពុងបញ្ជាក់សារជាថ្មីនូវអាទិភាព និងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់អាស៊ាន ដើម្បីបញ្ចប់ការចរចារលើកិច្ចពរមព្រៀងនោះ ឲ្យបានក្នុងឆ្នាំ២០១៩។ យើងសង្កត់ធ្ងន់លើភាពចាំបាច់បំផុត ក្នុងការសម្រេចឲ្យបាននូវគោលដៅនោះ ចំពេលដែលយើងកំពុងប្រឈមជាមួយនឹងភាពមិនប្រាកដប្រជា ក្នុងសកលលោក នាពេលបច្ចុប្បន្ន និងបានសំដែងនូវការជឿជាក់ថា នៅពេលណាការចរចាលើកិច្ចព្រមព្រៀងនោះត្រូវបានបញ្ចប់កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយនោះ នឹងរួមចំណែកយ៉ាងធំធេងដល់ការធ្វើពាណិជ្ជកម្មមួយ ដែលបើកចំហប្រកបដោយបរិយាប័ន្ន និងដែលផ្អែកលើច្បាប់ជាធរមាន ហើយនឹងរួមចំណែកដល់ការពង្រីកខ្សែសង្វាក់គុណតម្លៃនានាផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤នេះដែរ មេដឹកនាំទាំងអស់ បានឈានទៅចេញផ្សាយ សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ការអនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការចែកចាយគ្រឿងញៀន ខុសច្បាប់។ អនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីភាពជាដៃគូដើម្បីចីរភាព៕