ព័ត៌មានទាន់ហេតុការណ៍៖

ដូចលលកញីឈ្មោលដើរស៊ីឈ្នួលគេដើម្បីក្រពះ កម្មអីរន្ទះតាមផ្តាច់ជីវិតប្តីទុកតែប្រពន្ធ 

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖​ ពិតជាគួរឲ្យសង្វេគណាស់ដែលបុរស​ម្នាក់ ខំដើរស៊ីឈ្នួលគេពីរនាក់ប្តីប្រពន្ធដើម្បីក្រពះ កម្មអកុសលអីរន្ទះតាមផ្តាច់ជីវិតនៅ​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង៣​និង​១០​ នាទី​រសៀល ​ថ្ងៃទី៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ត្រង់​ចំណុច​វាលស្រែ​អណ្ដើក​ស្អុយ ស្ថិត​ក្នុង​ភូមិ​ព្រែ​ករាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋភូមិព្រែករាំង​បាន​ឲ្យ​ដឹង​ថា ​ ជន​រងគ្រោះ ឈ្មោះ​សេង​ខេង (​ហៅ​ទីន​)​ អាយុ​៥១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៉ាត់ ឡា​ត អាយុ​ប្រមាណ​ជាង​៤០​ឆ្នាំ។ ក្នុង​បន្ទុក​គ្រួសារ​គឺ​មាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែប៉ុណ្ណោះ​ ពុំមាន​កូនចៅ​នោះឡើយ។ រីឯ​មុខរបរ​របស់​គ្រួសារ​រងគ្រោះ​នេះ គឺ​ដើរ​ស៊ីឈ្នួល​គេ ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹមជីវិត​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ​តែប៉ុណ្ណោះ។ នៅ​ថ្ងៃ​កើតហេតុ ​ជនរងគ្រោះ ​បាន​ទៅ​ស៊ីឈ្នួល​ឆ្ការ​ព្រៃ​តាម​ភ្លឺស្រែ​ប្រាំង​ឲ្យ​គេ​ ដែល​ម្ចាស់​ស្រែ​ឈ្មោះ ទុំ ដំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជា មួយ​គ្នា។លុះមកដល់​វេលា​ម៉ោង​ប្រមាណ​១ រសៀល​ មេឃ​ក៏​ចាប់ផ្ដើម​មាន​ពពក​ខ្មៅ ហើយ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់ ផ្គរ​ផង​ដែរ។ ចំណែក​ជនរងគ្រោះ​ និង​ម្ចាស់​ស្រែ​ឈ្មោះ​ទុំ ដំ មិនបាន​ឈប់សម្រាក​នោះ​ទេ ដោយ​បន្ត​ធ្វើការ​រហូត​ដល់​ម៉ោង៣​ រសៀល ក៏​ស្រាប់​តែ​មាន​រន្ទះ​បាន​បាញ់​ផ្តាច់ជីវិត​បុរស​រងគ្រោះ​ខាងលើនេះ​តែម្ដង។ ចំណែក​ម្ចាស់​ស្រែ​ឈ្មោះ​ទុំ ដំ ខណៈ​ដែល​រន្ទះបាញ់​នេះ គឺ​រូបគាត់​នៅ​ក្បែរ​នឹង​ជនរងគ្រោះ​ចម្ងាយ​តែ៣ ម៉ែត្រ​ពី​គ្នា​តែ​ប៉ុណ្ណោះ។ ពេល​ឃើញ​ជន​រងគ្រោះ​ដេក​ដួល​ទៅ​នឹង​ដី រូប​គាត់​ក៏​បាន​រត់​ទៅ​ជួយ តែ​ជា​អកុសល​ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេល​កើតហេតុ ជនរងគ្រោះ ​​ត្រូវ​បាន​លោក​មេភូមិ ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ សែង​យកមក​កាន់​លំនៅដ្ឋាន រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​តាម​បច្ចេកទេស និង​បាន​ប្រគល់​ឲ្យ​ប្រពន្ធ និង​បងប្អូន​ក្នុង​ភូមិ​ជួយ​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី។

អ្នកភូមិបាន​ឲ្យ​ដឹង​ថាដោយសារ​តែ​ជីវភាព​គ្រួសារ​ជនរងគ្រោះ​​មាន​ការ​ខ្វះខាត​ មិនមាន​ប្រាក់​ធ្វើបុណ្យ មានតែ​ប្រាក់​របស់​សមាគម​ភូមិ ដែល​មាន​ចំនួន​តែ៦៧​ម៉ឺន​ប៉ុណ្ណោះ សម្រាប់​ចាត់ចែង​ក្នុង​ពិធី​បុណ្យ​និងដោយ​សព​មិន​អាច​ទុក​បាន​យូរ​ក៏សម្រេច​បូជា​នៅ​វេលា​ម៉ោង១១​យប់​នេះ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ ក្រោមសម្រែកស្រែកយំអាឡោះអាល័យពីប្រពន្ធគួរឲ្យសង្វេគបំផុត ៕ ប្រាថ្នា


ចែករំលែក៖