ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅខណ្ឌ៧មករា បានឲ្យដឹងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មួយរយៈពេលកន្លងមកនេះគេឃើញថា សកម្មភាពចោរលួចទ្រព្យសម្បត្តិពលរដ្ឋតាមផ្ទះកើតឡើង ធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចផងដែរ ។
ប្រជាពលរដ្ឋបន្តថា កាលពីវេលាម៉ោង ៧ និង៥១នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីជនសង្ស័យ២នាក់ មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា WAVE ពណ៌ខ្មៅ ស្លាកលេខ1BM-6612 ដែលជារងគ្រោះទុកនៅមុខកន្លែងធ្វើការរបស់ខ្លួន យកទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋ ដើម្បីសមត្ថកិច្ចស្វែងរកមុខសញ្ញាចោរលួចទាំងនោះ នឹងចាប់ខ្លួនពួកគេយកមកចាត់ការតាមនិតីវិធីច្បាប់ ។
ដោយឡែកប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គួរជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតជាប្រចាំ ក៏ដូចជាយកចិត្តទុកដាក់ ចំពោះពលរដ្ឋផង ខណៈមានទាំងកាមេរ៉ាសុវត្ថិភាពហើយ នៅមិនអាចស្រាវជ្រាវតាមចាប់ជនសង្ស័យបានទៀត ៕ស រស្មី