ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ។ ការថ្លែងបែបនេះនៅក្នុងពិធីហ្វឹកហ្វឺនកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមមាន កងនគរបាល កងរាជអាវុធហត្ថ និងទាហាន សរុប៥៥០នាក់ នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិផងដែរ ។
លោក ផាន់ ចាន់ធុល ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បងប្អូនកងកម្លាំងទាំងអស់ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។
លោកអភិបាលបន្តថា៖ យើងបានត្រៀមខ្លូនរួចជាស្រេច ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបាននូវក្រុមជនក្បត់ជាតិ ដោយមានទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ដែលកំពុងបង្កចលាចល ប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ហើយក៍ត្រៀមខ្លួនជាស្រេច ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឱ្យនរណាមកជាន់ឈ្លី និងប្រមាថបាននោះឡើយ ។ លោកក៍បានបញ្ជាក់ដែរថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ ដោយចាត់វិធានការតាមផ្លូវច្បាប់ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលស្វាគមន៍ បើសិនជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហ៊ានឈានជើងជាន់ចូលទឹកដីខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា៖ នៅក្នុងពិធីនេះកងកម្លាំងទាំងបីប្រភេទ ក៍បានរៀបចំហែរក្បូនហ្វឹកហ្វឺន ចេញពីសាលាខេត្តប៉ៃលិន ឆ្ពោះទៅកាន់ច្រកទ្វាអន្តរជាតិព្រំ ដោយមានការទទួលស្វាគមយ៉ាងរ៉ាក់ទាក់ពីបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវ ព្រមទាំងបញ្ជាក់ពីការរួមសាមគ្គីភាពគ្នាពីទឹកចិត្តស្រលាញសន្តិភាពផងដែរ ៕ ស សារ៉េត