ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩  បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ក្រោយពីតាមស្រាវជ្រាវឃាត់ខ្លួនបាន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធរឿងលួចម៉ូតូ១គ្រឿង បានសម្រេចកាលពីជាង១០ថ្ងៃមុន ។

ជនសង្ស័យឈ្មោះ កែវ រតនៈ ហៅកយ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក បន្ទាប់ពីឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចចាប់យកបានវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដា PCX ពណ៌ស បិតស្កុតខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាលេខភ្នំពេញ 1HW-4944 មួយគ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាព, ២-ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ មួយគ្រឿងទៀត ពាក់ស្លាកលេខ កំពង់ចាម 1P-2164 និងបណ្ណ័សម្គាល់យានយន្តស្លាកលេខ កំពង់ចាម 1P-2162 ចំនួន០១សន្លឹក, ទូរសព្ទ័ដៃម៉ាកអាយហ្វូនសេវេនផ្លឹស ពណ៌ផ្កាឈូក១គ្រឿង ប្រើប្រាស់ស៊ីមកាតលេខ ០៦៩ ៥១៥០២០ W, ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់, និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ថា ចំពោះការតាមស៉ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសលួចម៉ូតូ គឺអនុវត្តឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចម្តុំវត្តនាគវន្ត ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួនសួរនាំតាមជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ជាង១០ថ្ងៃមុន ពោលគឺកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ១គ្រឿងបានសម្រេច ស្ថិតនៅចំណុចខាងមុខក្រុមហ៊ុន «ម៉ាយអាយ» ទីតាំងលេខ 2B-1J ផ្លូវលំ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

លោក ប៊ុន សត្យា បញ្ជាក់ថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឈួ ហ្គេកលី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន គឺបានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-6612 ៕ ជ្រោយពេជ្រ


ចែករំលែក៖