ខេត្តកំពង់ស្ពឺ: សមត្ថកិច្ចនគរបាលចរាចរ ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ស្ទើរមិនសូវលស់ថ្ងៃទេ ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ដែលកើតចេញពីអ្នកបើកបរគោយន្តពេលយប់មិនដាក់ភ្លើងបំភ្លឺជាសញ្ញាសម្គាល់ធ្វើឲ្យរថយន្ត ឬម៉ូតូ បុកបង្កគ្រោះថ្នាក់ជាញឹកញាប់ ជាពិសេសនៅតំបន់មានព្រៃឈើ ។
ជាក់ស្តែងកាលពី វេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរថយន្តមួយគ្រឿងបុកគោយន្ត បណ្តាលឲ្យស្លាប់ក្មេងម្នាក់ និងរបួស៥នាក់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក សាំងយ៉ុង ត្រូពិច ពណ៌សំបកឱឡឹក គ្មានស្លាកលេខ បើកបរដោយឈ្មោះ គុណ មករា ភេទប្រុស អាយុ ២៩ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីទិសដៅពីលិចទៅកើត។ លុះ មកដល់ចំណុចខាងលើ បានបុកគោយន្ត ម៉ាកគូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ចំពីក្រោយ(គ្មានភ្លើងសញ្ញា) ក្នុងទិសដៅស្របគ្នា ដែលគោយន្តនេះ បើកបរដោយឈ្មោះ គា រដ្ឋា ភេទប្រុស អាយុ ៣២ ឆ្នាំ (របួសស្រាល) រួមដំណើរដោយឈ្មោះ ជា ចិត្ត្រា ភេទស្រី អាយុ ២៩ ឆ្នាំ (របួសធ្ងន់) ឈ្មោះ វុន ដាំ ភេទប្រុស អាយុ ១៤ ឆ្នាំ (របួសស្រាល) ឈ្មោះ គា រតនា ភេទស្រី អាយុ ៥ ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ឈ្មោះ គា រតន ភេទប្រុស អាយុ ៩ ខែ (របួសធ្ងន់)។ អ្នកទាំង៥ រស់នៅភូមិតាដេស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយគោយន្តកែច្នៃមិនដាក់ភ្លើងជាសញ្ញាសម្គាល់នៅពេលយប់នេះបណ្តាលឲ្យមនុស្សស្លាប់និងរបួសនេះ ត្រូវបានគេកត់សម្គាល់ឃើញថា កើតមានជាញឹកញាប់ណាស់នៅខេត្តកំពង់ស្ពឺ ពោធិ៍សាត់ រតនគិរី មណ្ឌលគិរី ។ ល ។ ដែលបងប្អូនប្រជាកសិករយើងប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន ៕ ប្រាថ្នា