ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មកម្មការិនីរោងចក្រ​នៅខេត្តស្វាយរៀង ជនសង្ស័យជាឃាតក​បានទៅលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ករណីឃាតកម្ម លើកម្មការិនីរោងចក្រម្នាក់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអះអាងថា ជនសង្ស័យជាឃាតកបានទៅលោតទឹកសម្លាប់ខ្លួនហើយ ។

នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានប្រទះឃើញ សាកសពជាឃាតកនេះ នៅចំណុចបឹងមួយកន្លែងខាងកើតរោងចក្រធីវ៉ាយភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា បុរសដែលជាឃាតកដែលសម្លាប់ស្ត្រីរងគ្រោះ បានលោតទឹកសម្លាប់ខ្លួន ហើយត្រូវបានប្រទះឃើញ ។ បុរសជាឃាតកមានឈ្មោះ នាង ក្រឹម អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរោចក្រធីវ៉ាយផលិត អំពូលភ្លើងអំអរ ស្ថិតនៅក្នុងភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឃាតកម្មសម្លាប់នារីរោងចក្រ ដោយយកកូនកាំបិតចិតបន្លែ ទៅធ្វើសកម្មភាពអារក និងចាក់ទៅលើនារី បណ្ដាលឲ្យរងរបួសចំនួន១៤កន្លែង រហូតដល់ស្លាប់ នៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ជាឃាតកសម្លាប់នារីរងគ្រោះហើយ គឺជនសង្ស័យជាសង្សារនារីរងគ្រោះ។

សមត្ថកិច្ចបន្តថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម អាយុ ២៥ឆ្នាំ រស់នៅស្រុករំដួល ត្រូវជាសង្សារបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ច បានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារី រងគ្រោះជាសង្សារ ព្រោះគ្រួសារខាងស្រី មិនព្រមឲ្យរៀបការ។

ប្រភពដដែលបន្តថា ជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់តែម្ដង ៕ យឹម សុថាន

(គូសង្សានឹងគ្នា ដែលពេលនេះ ​បានលាចាកលោកទៅហើយ ក៏ព្រោះតែក្រុមគ្រួសារខាងស្រីមិនឲ្យរៀបការ)


ចែករំលែក៖