ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចាប់កញ្ឆាក្រៀម៩៨គីឡូក្រាមនិងបំផ្លាញដើមកញ្ឆាជាង៤ពាន់ដើម

ចែករំលែក៖

ខេត្តតាកែវ៖ កញ្ឆាក្រៀមទម្ងន់៩៨គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះឆ្មក់បង្រ្កាបចាប់បានខណៈជនសង្ស័យដឹកតាមរថយន្តយកទៅលក់នៅប្រទេសវៀតណាម និងបានចុះទៅទីតាំងដាំកញ្ឆាមួយកន្លែង នៅជ្រលងភ្នំបាយ៉ង់កោដើម្បីបំផ្លាញដើមកញ្ឆាមួយចំនួនធំផងដែរ ។

ការចុះចាប់កញ្ឆានេះបានធ្វើឡើងនៅព្រឹកថ្ងៃ សៅរ៍ ១២រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០១៩ នៅចំណុចជ្រោះកញ្រ្ចែងលើខ្នងភ្នំបាយ៉ង់កោ ភូមិឈើទាលភ្លោះ ឃុំស្រែអំពក ស្រុកគីរីវង់។

លោកឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានថ្លែងឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរបស់លោក បានចុះបង្រ្កាបនៅទីតាំងដាំកញ្ឆាខុសច្បាប់មួយកន្លែងនៅតំបន់ខាងលើ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តតាកែវ និងបានធ្វើការរឹបអូសកញ្ឆាក្រៀមចំនួន ១៥ការ៉ុង ទម្ងន ៩៨គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឹម ណា អាយុ២៨ឆ្នាំ និងរថយន្ត ហាយលែនឌ័រពណ៌សមួយគ្រឿងដែលដឹកកញ្ឆាក្រៀម៩៨គីឡូក្រាមនេះ ជាមួយការបំផ្លាញដើមកញ្ឆាបានចំនួនជាង ៤ពាន់ដើមផងដែរ។

លោកឧត្តមសេនីយ៏ ឡា ឡៃ បានបន្តថា បច្ចុប្បន្នកម្លាំងរបស់លោកកំពុងតែកសាងសំណុំរឿងបញ្ចូនជនសង្ស័យ រួមនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ខណៈដែលគេដឹងថា សព្វថ្ងៃនេះតំបន់ភ្នំបាយ៉ង់កោ ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ជាទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ដុះស្លែរាប់សិបឆ្នាំមកហើយ ហើយបើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដដែលដោយពួកគេនាំយកទៅលក់នៅប្រទេសវៀតណាម ហើយកញ្ឆាក្រៀម ១គីឡូក្រាមលក់បានដល់ទៅជាង ៥០០ដុល្លារឯណោះ ៕ ប្រាថ្នា


ចែករំលែក៖