ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរបេះផ្លែមៀនជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងចំណោមនោះកុមារ៣នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ រន្ធត់​ណាស់​ រថយន្ត​ដឹក​ពលករ​ខ្មែរ​ធ្វើ​ការ​បេះផ្លែមៀន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បុក​គ្នា​ មាន​ពលករ​ ១៥នាក់​ រងរបួស ក្នុង​នោះមាន​កុមារ​ចំនួន​ ​០៣នាក់ ។

យោង​តាម​របាយការណ៍​ពី​ភ្នាក់​ងារ​សង្គ្រោះ​វ៉ាងណាមយ៉េន​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​វេលាម៉ោង​ ០៩និង៤៥នាទី​យប់​ ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ពលករ​ធ្វើ​ការ​បេះផ្លែមៀន និងរថយន្ត​ ម៉ាក​Toyota Hilux​ Revo ពណ៌​ស​ ពាក់​ស្លាក​លេខ​ (កថ​៥៨១៨)​ខេត្ត​រ៉យអេត​ បានជ្រុល​ចង្កូត​ទៅ​បុក​មួយ​និង​រថយន្ត​ម៉ាក​ izuzu​ ពណ៌​ សំបក​ឱឡឹក​ ដែល​កំពុង​ធ្វើ​ដំណើរ​ បញ្ច្រាសទិសគ្នា​ នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​វ៉ាងណាមយ៉េន​-បំបែក​សួនប៉ា​ ស្ថិត​នៅ​ក្នុង​ស្រុក​វ៉ាងណាមយ៉េន​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​។

ករណី​នេះ​មាន​ពលករ​ខ្មែរ​រងរបួស​​ចំនួន​ ១៥នាក់​ ក្នុង​នោះ​មាន​កុមារ​រង​របួស​ចំនួន​ ០៣នាក់​ផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ​ត្រូវ​ភ្នាក់ងារ​សង្គ្រោះ​បញ្ជូន​យក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វ៉ាងណាមយ៉េន​ ចំនួន​០៦នាក់​ និង​មន្ទីរពេទ្យ​ខៅឆាក់កាន់​ ចំនួន​ ០៩នាក់​ ។ យ៉ាងណាចំពោះពលករខ្មែរដែលរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅមិនទាន់ស្គាល់អត្តសញ្ញាណ រស់នៅក្នុងភូមិស្រុកណា ដោយគ្រាន់តែដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យ ប្រុស ស្រី១៥នាក់និងកុមារ៣នាក់ រងរបួសធ្ងន់ ស្រាល ។

បញ្ហាពលករខ្មែរជិះរថយន្តបេះផ្លែមៀនជួបគ្រោះថ្នាក់ចរាចរណ៌នោះ លោកហ៊ុន សារឿន កុងស៊ុលប្រចាំខេត្តស្រះកែវបានមានប្រសាសន៍តាមទូរសព្ទកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោកមិនទាន់ហ៊ានបញ្ជាក់នៅឡើយទេ ព្រោះសហការីលោកកំពុងតែធ្វើការ ចាំរសៀលថ្ងៃដដែលនេះ លោកនឹងផ្តល់ជូនព័ត៌មានខាងលើនេះ ៕ វណ្ណា


ចែករំលែក៖