ប៉ោយប៉ែត៖ រន្ធត់ណាស់ រថយន្តដឹកពលករខ្មែរធ្វើការបេះផ្លែមៀនជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នា មានពលករ ១៥នាក់ រងរបួស ក្នុងនោះមានកុមារចំនួន ០៣នាក់ ។
យោងតាមរបាយការណ៍ពីភ្នាក់ងារសង្គ្រោះវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៩និង៤៥នាទីយប់ ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពលករធ្វើការបេះផ្លែមៀន និងរថយន្ត ម៉ាកToyota Hilux Revo ពណ៌ស ពាក់ស្លាកលេខ (កថ៥៨១៨)ខេត្តរ៉យអេត បានជ្រុលចង្កូតទៅបុកមួយនិងរថយន្តម៉ាក izuzu ពណ៌ សំបកឱឡឹក ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា នៅត្រង់ចំណុចផ្លូវជាតិវ៉ាងណាមយ៉េន-បំបែកសួនប៉ា ស្ថិតនៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ។
ករណីនេះមានពលករខ្មែររងរបួសចំនួន ១៥នាក់ ក្នុងនោះមានកុមាររងរបួសចំនួន ០៣នាក់ផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវភ្នាក់ងារសង្គ្រោះបញ្ជូនយកនៅសង្គ្រោះនៅមន្ទីរពេទ្យវ៉ាងណាមយ៉េន ចំនួន០៦នាក់ និងមន្ទីរពេទ្យខៅឆាក់កាន់ ចំនួន ០៩នាក់ ។ យ៉ាងណាចំពោះពលករខ្មែរដែលរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅមិនទាន់ស្គាល់អត្តសញ្ញាណ រស់នៅក្នុងភូមិស្រុកណា ដោយគ្រាន់តែដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យ ប្រុស ស្រី១៥នាក់និងកុមារ៣នាក់ រងរបួសធ្ងន់ ស្រាល ។
បញ្ហាពលករខ្មែរជិះរថយន្តបេះផ្លែមៀនជួបគ្រោះថ្នាក់ចរាចរណ៌នោះ លោកហ៊ុន សារឿន កុងស៊ុលប្រចាំខេត្តស្រះកែវបានមានប្រសាសន៍តាមទូរសព្ទកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោកមិនទាន់ហ៊ានបញ្ជាក់នៅឡើយទេ ព្រោះសហការីលោកកំពុងតែធ្វើការ ចាំរសៀលថ្ងៃដដែលនេះ លោកនឹងផ្តល់ជូនព័ត៌មានខាងលើនេះ ៕ វណ្ណា