ខេត្តកណ្តាល៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ ចុះបង្រ្កាបទីតាំងកាត់ត តម្លើងកែច្នៃរថយន្ដខុសច្បាប់មួយកន្លែង ដកហូតរថយន្ដស៊េរីទំនើប៣គ្រឿង នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ម្ចាស់ទីតាំងកែច្នៃកាត់តរថយន្ដខុសច្បាប់ឈ្មោះ អ៊ឹង ស៊ុងឆាយ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រតិបត្ដិការបង្រ្កាបនេះ សមត្ថកិច្ចនគរបាលបានដកហូតរថយន្ដកែច្នៃកាត់តស៊េរីទំនើបបានចំនួន៣គ្រឿង ក្នុងនោះ មានរថយន្តទេសចរណ៍ម៉ាកToyotacamry Hybrid ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ២០០៧ (រថយន្តកាត់ត) ,រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង ស៊េរីឆ្នាំ ២០០៤ (រថយន្តកាត់ត) និងរថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ២០១៧ (មិនមានឯកសារ)។
ប្រភពដដែលបន្ដថា បន្ទាប់ពីកម្លាំងនគរបាលខេត្ដកណ្ដាល ទទួលបានព័ត៌មានថា មានទីតាំងកាត់ត កែច្នៃរថយន្ដខុសច្បាប់មួយកន្លែងនៅស្រុកមុខកំពូល ភ្លាមនោះកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងនគរបាលស្រុកមុខកំពូល ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះទៅបង្រ្កាបទីតាំងខាងលើ ឈានដល់ដកហូតរថយន្ដកាត់ត និងរថយន្ដគ្មានឯកសារចំនួន៣គ្រឿង ។
ចំពោះវត្ថុតាងរថយន្តទាំង៣គ្រឿង នេះ ត្រូវបានលោកព្រះរាជអាជ្ញារង សម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកទីតាំងខាងលើ ត្រូវបិទជាបណ្ដោះអាសន្ន ៕ ស្អាងជ័យ