ព័ត៌មានទាន់ហេតុការណ៍៖

ស្តាប់ការញុះញង់ប្រពន្ធចុង វាយធ្វើបាបកូនបង្កើតខ្លួនឯង ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានវាយធ្វើបាប និងធ្វើទារុណកម្មទៅលើកូនប្រុសបង្កើតខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់ជួល ​ព្រោះតែមានការញុះញង់ពីប្រពន្ធចុង ត្រូវបានប្រជាពលរដ្ឋប្តឹងឲ្យនគរបាលឃាត់ខ្លួន​ កាលពីវេលាម៉ោង១០ និង២០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ ហុល អាយុទើបតែ១១ឆ្នាំ ឳពុករបស់ខ្លួនឈ្មោះ បូរិន មុខរបរ ធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅបន្ទប់ជួលក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ដែលជាឪពុក បានប្រើហិង្សាលើកូនប្រុសខ្លួនឯង ដែលមានអាយុទើប១០ឆ្នាំប៉ុណ្ណោះ រហូតទាល់សន្លប់បាត់ស្មារតី ។

ដោយទង្វើនេះ គេសង្កេតឃើញកើតមានស្ទើរតែរាល់ថ្ងៃតែម្តង ហើយមូលហេតុ ដែលមានអំពើហិង្សានេះ គឺដោយសារតែបុរសនោះ ស្តាប់តាមការញុះញង់របស់ប្រពន្ធចុង ។

ប្រភពដដែល បានបន្តថា ស្រ្តីដែលត្រូវជាម្តាយចុង មិនឲ្យក្មេងប្រុសរងគ្រោះ ទៅរៀនទៅសូត្រនោះទេ ថែមទាំងដាក់កំហិតឲ្យដើររើសអេតចាយ ក្នុងមួយថ្ងៃឲ្យបាន៣០០០០៛ឡើង ទើបមានបាយ និងម្ហូបបរិភោគ ហើយជារៀងរាល់ថ្ងៃ ក្មេងប្រុសនោះ មិនដែលបានដេកនៅក្នុងបន្ទប់ទេ គឺបានត្រឹមដេកលើប៉ោអ៊ី នៅ និងមុខបន្ទប់ប៉ុណ្ណោះ សូម្បីតែទឹកងូតក៏មិនឲ្យគ្នាចូលងូតដែរ ។

ដោយពលរដ្ឋឃើញទង្វើរំលាភបំពានសិទ្ធិកុមារពេក ទើបសម្រេចចិត្តទៅប្តឹង សម្ថតកិច្ចនគរបាលចោមចៅ១ ឲ្យមកចុះកន្លែងកើតហេតុ ដើម្បីមកធ្វើអន្តរាគមន៍ លើករណីនេះ ។

ក្រោយកើតហេតុ សម្ថតកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ រួចឃាត់ខ្លួនបុរសជាឪពុកបង្កើត យកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីសាកសួរ និងធ្វើសំណុំរឿងតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖