ខេត្តបន្ទាយមានជ័យ ៖ ខណៈដែលនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កំពុងសម្បូរសត្វ ស្លាបរាប់ម៉ឺនក្បាលរស់នៅគួរឲ្យគយគន់ និងជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរផងនោះ គេឃើញនៅតាមទីផ្សារមួយចំនួនរបស់ខេត្តទាំងនេះ នៅមានលក់សត្វស្លាបបោចហើយ ដែលនេះធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរដែនដី ។
ក្តីបារម្ភនេះធ្វើឲ្យមន្ត្រីចម្រុះខេត្តបន្ទាយមានជ័យ បានចុះផ្សព្វផ្សាយណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អាជីវករ និងប្រជាពលរដ្ឋមួយចំនួនឲ្យបញ្ឈប់លក់សត្វស្លាប បើឃើញលើកក្រោយ និងចាត់ការតាមច្បាប់។
ការចុះផ្សព្វផ្សាយឲ្យបញ្ឈប់លក់សត្វស្លាប របស់សមត្ថកិច្ចចម្រុះនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ អង្គារ ១៥រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារក្នុងក្រុងសិរីសោភ័ណ ។
នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ លោក ជា ផល្លី បានប្រាប់ថា មន្ត្រីចម្រុះចុះផ្សព្វផ្សាយនេះមានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានចុះពិនិត្យធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករ និងប្រជាពលរដ្ឋដែលលក់សត្វស្លាបល្មើសច្បាប់នៅតាមទីផ្សារ ។
លោកបានបញ្ជាក់ថា នៅពេលដែលមន្ត្រីចម្រុះចុះពិនិត្យនៅផ្សារក្នុងក្រុងសិរីសោភ័ណឃើញមានសត្វស្លាបដែលស្លាប់ហើយបោចរោមដាក់លក់ក្នុងផ្សារមានដូចជា សត្វស្លាបប្រភេទសត្វ កុក ទោម ត្លុំ ចង្រៀលខ្យង ក្អែកទឹក តារ៉ៅ ។ក្រោយពេលឃើញអាជីវករ និងប្រជាពលរដ្ឋលក់សត្វស្លាបដែលងាប់ហើយ បោចរោមធ្វើដាក់លក់បែបនេះ មន្ត្រីចម្រុះបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបរបាញ់សម្លាប់សត្វលក់បន្តទៀត បើឃើញនៅតែកើតមានតទៅទៀត ពេលក្រោយ នឹងមានវិធានការតាមច្បាប់ ។
លោក ជា ផល្លី បានបញ្ជាក់ទៀតថា មន្ត្រីជំនាញ និងពិនិត្យតាមផ្សារ និងកន្លែងដែលសង្ស័យបើស្រាវជ្រាវរកឃើញថា មានជនសង្ស័យណាមួយបរបាញ់សត្វស្លាបមកលក់ល្មើស និងច្បាប់បើរកឃើញ និងចាត់ការតាមច្បាប់ ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការបរបាញ់សត្វបន្តទៀត ត្រូវចូលរួមថែរក្សាសត្វទាំងអស់ ដើម្បីអភិរក្សដូចហ្វូងសត្វស្លាបរាប់ម៉ឺនក្បាល ដែលកំពុងស្នាក់នៅចម្ការមួយកន្លែងនៅខាងជើងភ្នំបន្ទាយនាង ស្រុកមង្គលបូរី ដែលកំពុងទាក់ទាញភ្ញៀវទៅមើលរាល់ល្ងាច នៅពេលហ្វូងសត្វស្លាបហើរចូលទ្រនំគួរឲ្យគយគន់នោះ ៕ ប្រាថ្នា