ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ខណៈប្រទះឃើញបុរសម្នាក់បានស្លាប់ភ្លាមៗក្រោមដើមត្នោត ខណៈដែលឡើងយកទឹកត្នោតហើយឆ្លងស្នួរទៅដើមមួយទៀត តែអកុសលស្នួរបាក់បណ្តាលឲ្យធ្លាក់មកដីស្លាប់កាលពីវេលាម៉ោង១២នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលអង្គប់ ឃំុ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ី រ៉ាវណ្ណា អាយុ៥៨ឆ្នាំ មុខរបរទ្បើងត្នោត មានទីលំនៅកន្លែងកើតហេតុមានប្រពន្ធឈ្មោះ សោម សារឿន អាយុ ៥៥ឆ្នាំមុខរបរលក់ដូរនៅផ្ទះ និងមានប្រុសស្រីចំនួន៣នាក់ ។
ពលរដ្ឋរាយការណ៍បានរាយការណ៍អំពីករណីមនុស្សធ្លាក់ពីលើដើមត្នោតបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុនោះ ឲ្យដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុត្រួតពិនិត្យផងដែរ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះខាងលើនៅមុនពេលកើតហេតុ បានឡើងយកទឹកត្នោតដូចសព្វមួយដង ហើយនៅវេលាកើតហេតុ ដោយដើរឆ្លងស្នួរទៅដើមមួយ ដែលចងស្នួរសម្រាប់ឆ្លងទៅមក តែជាអកុសលបានបាក់ស្នួរបណ្តាលឲ្យជនរងគ្រោះធ្លាក់មកក្រោម និងបានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។
ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ពិនិត្យសពពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមត្នោតពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន