ភ្នំពេញ៖ ប្រធានប្រជាការពារសង្កាត់ផ្សារដើមគម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាសហើយត្រូវសន្តិសុខផ្សារនាគមាស បើករថយន្តជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង ៩នឹង៣០នាទី ព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៣៤ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពញ ។
តាមប្រភពព័ត៌មានពីអាជីវករផ្សារដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគសហការជាមួយគណៈកម្មាការផ្សារនាគមាសចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ ដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់ មកឈប់នៅកន្លែងកើតហេតុហើយបានចុះពីលើរថយន្តចូលទៅបត់ជើងរួចបានដើរមកមុខរថយន្ត ស្របពេលនោះមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាសបានឡើងទៅបើករថយន្តនោះក៏ជ្រុលទៅបុកបុរសរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដែលចតនៅខាងមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះបានបាត់បង់ជីវីត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗ ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើមានឈ្មោះ សុខ ហឿន អាយុ៥៤ឆ្នាំ មុខរបរជាប្រធានប្រជាការពារសង្កាត់ផ្សារដើមគ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តបង្កនឹងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី