ព័ត៌មានទាន់ហេតុការណ៍៖

រឿងដុតសំរាមក្បែរបងផ្ទះបង្ករជា ហិង្សាឃាត់ខ្លួនមនុស្សពីរនាក់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​​៖ ជន សង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៩ ស្ថិតនៅ​ក្នុងភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ករណី​ហិង្សា​ដោយ​ចេតនា បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ផ្លោះ​តាម​របង​ទៅ​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​បង្ក​មាន ឈ្មោះ សាន ឌិ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ, ឈ្មោះ អាន វៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ពួកគេ​បាន​ធ្វើ​សកម្មភាព​យក​ដំបង​ឈើ​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឆាយ សុចិ​ន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​របួស​បែក​ក្បាល​១២​ថ្នេរ។​

សមត្ថកិច្ច​បាន​បន្តថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ខាង​លើ ដោយសារ​តែ ជនបង្ក និង​ជន​រង​គ្រោះ​មានផ្ទះ​ជាប់​គ្នា ។ ​នៅ​ថ្ងៃ​កើតហេតុ​នោះ ជន​បង្ក​បាន​ដុត​សំរាម​ក្បែរ​របង​ផ្ទះ ហើយ​ជនរងគ្រោះ​បាន​ហាម និង​​យក​ទូរស័ព្ទ​មក​ថត ក៏​កើតរឿង​ឈ្លោះប្រកែក​គ្ នា។ ​ភ្លាមៗ​នោះ​ ជនបង្ក​ ក៏​យក​ដំបង​ឈើ ហើយ​ផ្លោះ​តាម​របង​ចូល​ទៅ​វាយ​ដល់​ក្នុង​បរិវេណ​ដី​ផ្ទះ ​បណ្តាល​ឲ្យ​មាន​របួស រួច​គេចខ្លួន​បាត់ ។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ ៕ ប៉ែន នួន


ចែករំលែក៖