លោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តពោធិ៍សាត់ បានយកសម្ភារ គ្រឿងចក្ររបស់មន្ទីរទៅបម្រើការងារផ្ទាល់ខ្លួន ក្នុងកិច្ចការរដ្ឋករទឹក ដែលជាប្រយោជន៍ក្រុមហ៊ុនឯកជនរបស់ខ្លួន ។ លោកមានអាជីវកម្មចែកចាយទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ហើយយកសម្ភាររបស់រដ្ឋនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រការនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីព្រោះផលប្រយោជន៍រួមរបស់មន្ទីរ មិនត្រូវបានគិតគូរដោះស្រាយនោះទេ ប៉ុន្តែគឺគិតតែក្រុមហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ ។ នៅពេលដែលមានការរិះគន់ លោកប្រធានមន្ទីរតែងតែគំរាមមន្ត្រីក្រោមអំណាចដោយយកឈ្មោះលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ មកគំរាមគេឯង ។
ប្រភពរាយការណ៍ថា លោក ឆែ វណ្ណសូដា មានអាជីវកម្មចែកចាយទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ហើយក្នុងនាមជាប្រធានមន្ទីរ ក្រៅពីយកគ្រឿងចក្រសម្ភាររបស់មន្ទីរទៅប្រើដើម្បីប្រយោជន៍អាជីវកម្មរបស់ខ្លួននោះ លោកក៏នៅប្រើមន្ត្រីបច្ចេកទេសមួយចំនួន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ។ ប្រភពរាយការណ៍ថា លោកប្រធានមន្ទីរតែងតែប្រើឈ្មោះលោក ចម ប្រសិទ្ធ មកពាំងទង្វើមិនប្រក្រតីរបស់ខ្លួន ហើយការប្រកបអាជីវកម្មចែកចាយទឹកស្អាត ក៏បានរំលោភបំពានទៅលើអាជ្ញាប័ណ្ណរបស់អាជីវករ ចែកចាយទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់នេះដែរ ។ ប្រភពបន្ថែមថា ចំណូលចំណាយនៅក្នុងមន្ទីរមានភាពមិនប្រក្រតីជាច្រើន ហើយការចំណាយមានការបំប៉ោងតួលេខដើម្បីកិបកេងថវិការដ្ឋ ។ បញ្ហានេះ គេមិនដែលឃើញក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការម្តងណាឡើយ ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តពោធិ៍សាត់បន្ថែមថា លោកឆែ វណ្ណសូដា បានតភ្ជាប់បណ្តាញទឹកស្អាតចូលទៅក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ដែលមានអាជីវករផ្សេងទទួលបានសិទ្ធិធ្វើអាជីវកម្មរួចទៅហើយ ។ យ៉ាងណាក៏ដោយ ទាំងអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងឧស្សាហកម្មនិងសិប្បកម្មធ្វើមិនដឹងមិនឮចំពោះទង្វើរបស់លោកឆែ វណ្ណសូដា ។ សកម្មភាពបែបនេះ មិនគួរត្រូវបានអនុញ្ញាតឲ្យកើតមាននោះទេ ពីព្រោះថា វាបានធ្វើឲ្យបាត់បង់ទំនុកចិត្តដល់អាជីវករ ដែលបានរកស៊ីពេលមុននោះ ។ មិនខ្វះទេតំបន់ដែលត្រូវការ អាជីវកម្មទឹកស្អាត ហេតុអ្វីបានជាលោកឆែ វណ្ណសូដា មិនទៅរកស៊ី? រីឯការយកសម្ភារ គ្រឿងចក្ររបស់មន្ទីរទៅបម្រើផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន គឺជារឿងមួយទៀត ដែលក្រសួង ក៏ដូចជាអាជ្ញាធរខេត្ត គួរពិនិត្យមើលផង ៕