ព័ត៌មានទាន់ហេតុការណ៍៖

យុវជនអាយុ១៩ឆ្នាំម្នាក់ធ្វើអត្តឃាត​ស្លាប់យ៉ាងអាណោចអាធ័មនៅរោងចាំចម្ការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លោះស្រុកចំការម្នាក់សម្រេចបញ្ចប់ជីវិត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដាក់ការសង្ស័យអាចជាករណីមានវិបត្តិស្នេហា ព្រោះបានកើតឡើងបន្ទាប់ពីលឺសម្លេងនិយាយទូរស័ព្ទជាមួយមនុស្សស្រី ។

ហេតុការណ៍ករណីអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅរោងចាំចំការមួយកន្លែង ត្រង់ចំណុចអូរទី១ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញឹម ជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅត្រង់ចំណុចខាងលើ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានយកខ្សែចំណងធ្វើអត្តឃាតនឹងសំយាបរោងស្នាក់នៅចាំចំការ ស្លាប់យ៉ាងអាហោចអាធ័ម ។ បន្ទាប់ពីសមត្ថកិច្ចជំនាញសហការចុះពិនិត្យ និងស្រាវជ្រាវ ជនរងគ្រោះអាចពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត ហើយអាចជាករណីមានវិបត្តិស្នេហា ព្រោះមុនកើតហេតុ លឺសំឡេងនិយាយទូរស័ព្ទជាមួយមនុស្សស្រី ។

សាកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន


ចែករំលែក៖