ខេត្តសៀមរាប៖ អ្នកឃ្លាំងមើលថ្លែងថា ស្ថានីយប្រេងឥន្ធនៈអត់ច្បាប់មួយកន្លែងកំពុងសាងសងបិតទ្វារបងយ៉ាងរលូនគ្មានការរខានពីសំណាក់មន្រ្ដីជំនាញនោះទេ! មិនខុសពីការនិយាយតគ្នាថា អ្នកចេះច្បាប់បច្ចុប្បន្ននេះ តែងតែល្មើសច្បាប់ ហ៊ានឃុបឃិតគ្នាឲ្យមានការសាងសងស្ថានីយប្រេងឥន្ធនៈដោយគ្មានច្បាប់អនុញ្ញាត។ ជាក់ស្ដែងមានតែលិខិតស្នើសុំពិនិត្យ និងសម្រេចទៅក្រសួងដែនដី នគរូបនីយកម្ម និង សំណង់តែប៉ុណ្ណោះ ធាតុពិតគេពុំទានឃើញមានលិខិតឬច្បាប់អនុញ្ញាតពីក្រសួងនៅឡើយទេ ប៉ុន្ដែការសាងសងស្ថានីយប្រេងឥន្ធនៈនេះបានយ៉ាងរលូនក្រោមការជ្រោមជ្រែងពីថ្នាក់ខេត្ត អាជ្ញាធរមូលដ្នាន មន្ទីរពាក់ព័ន្ធនានា ធ្វើឲ្យសកម្មភាពសាងសងនេះជិតរួចជាស្ថាពរ ។
ជាក់ស្ដែងស្ថានីយប្រេងឥន្ធនៈ របស់លោក ប៊ូ សាវី និង នាង ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប កំពុងសាងសង់ទាំងយប់ទាំងថ្ងៃយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីជំនាញជាអ្នកបើកដៃមើលថែ ។
ពាក់ព័ន្ធ នឹងសំណង់គ្មានច្បាប់នេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានឆ្លើយតបក្នុងកិច្ចសម្ភាសថា ឯកសារពាក់ព័ន្ធ និងសំណង់នេះ លោកបានបញ្ជូនទៅខេត្ត ហើយខេត្តបានបញ្ជូនទៅក្រសួង រហូតដល់ពេលនេះមិនទាន់ធ្លាក់មកទេ ។
ពលរដ្នដែលមានលំនៅដ្ឋានក្បែរនោះបានបញ្ចេញមតិថា ពួកគាត់មិនពេញចិត្ត និងការសាងសងស្ថានីយប្រេងឥន្ធនៈនេះទេ តែដោយសារការឃុបឃិតគ្នាជាប្រព័ន្ធធ្វើឲ្យការសាងសងនេះបានដោយជោគជ័យ ! ចំណែកការព្រួយបារម្ភរបស់ពួកយើង គឺខ្លាចមានហនីភ័យកើតឡើងលើពួកយើងដែលមានផ្ទះជាប់គ្នា ព្រោះកន្លងមកថ្មីៗនេះ មានការផ្ទុះឆេះស្ថានីយបញ្ចូលហ្គាសមួយកន្លែង នៅដងផ្លូវលោកតាណីយ ធ្វើឲ្យមានមនុស្សជាង១០នាក់រងបួស និងស្លាប់ ក្នុងនោះក៏មានជនជាតិបរទេសផងដែរ ដូច្នេះយើងខ្ញុំសូមសំណូមពរសុំឲ្យឯក ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសំណង់ខាងលើនេះ ព្រមទាំងសិក្សាឲ្យបានម៉ត់ចត់មុន និងចេញច្បាប់ឲ្យ ។
លោក ប៊ូ សាវី ម្ចាស់សំណង់ខាងលើបានឆ្លើយតបរៀបរាប់បែបខឹងសំបារថា ការសាងសងស្ថានីយប្រេងឥន្ធនៈរបស់លោក គឺមានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល មិនមែនអត់ច្បាប់នោះទេ លុះអ្នកសារព័ត៌មានសួរថា ចុះច្បាប់សាងសងស្ថានីយប្រេងឥន្ធនៈ មានដែរឬទេ? លោក បែរជាឆ្លើយថា ឲ្យសួរទៅមន្ទីរ និងសាលាខេត្តសៀមរាបទៅ ព្រោះលោកបានដាក់សំណើនៅទីនោះ ៕ ប៊ុនរិទ្ធី