ព័ត៌មានទាន់ហេតុការណ៍៖

បើកត្រាក់ទ័រភ្ជួរដីមិនប្រយ័ត្ន ផាលវ័ធត្រូវបុរសម្នាក់ស្លាប់ជាប់ចោទមនុស្សឃាតដោយអចេតនា

ចែករំលែក៖

ខេត្តក្រចេះ​ ៖ កម្លាំងនគរបាល​ស្រុក​សំបូរបានឃាត់ខ្លួនបុរស​ជាព្រូ​​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ម្នាក់​យកទៅសាកសួរដោយសង្ស័យជាប់​ពាក់​ព័ន្ធ​​ករណី​ឃាតកម្ម បន្ទាប់​ពី​បុរស​ជា​អ្នកបើក​ត្រាក់ទ័រ​ម្នាក់​ត្រូវបាន​ស្លាប់​នៅ​កណ្តាល​ដីចម្ការ​របស់​ក្រុមហ៊ុន​ដែល​កំពុង​ភ្ជួរដោយ​មាន​ស្នាម​ដាច់​រយះ​នៅ​លើ​ដងខ្លួនជាច្រើនកន្លែង ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅព្រឹក ថ្ងៃ សៅរ៍ ១១កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃ​ទី​៧ ​ធ្នូ ឆ្នាំ២០១៩ ក្នុង​បរិវេណ​ដីចម្ការ​របស់​ក្រុមហ៊ុន​មួយ មា​នទី​តាំងនៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។

មន្ត្រីនគរបាល ​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ឌា​ន នាង អាយុ​២២​ឆ្នាំ ជា​ព្រូរ​ត្រាក់ទ័រ ស្នាក់​នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ ។ ចំណែកជន​រង​គ្រោះជាអ្នកបើកបរ​និង​ជា​ម្ចាស់​ត្រាក់ទ័រ​ដែល​បាន​​បាត់បង់​ជីវិតនោះ​ឈ្មោះ ជ្រ​ន ជា​វី អាយុ​២៧​ឆ្នាំ រស់នៅ ភូមិ​ឃុំ​ជាមួយ​គ្នា​ ។

អធិការរង​ទទួល​កិច្ច​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ លោកណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​ពិនិត្យ​លើ​សាកសព​ពី​ក្រុម​នគរបាល​ជំនាញឃើញ​ថា សាកសព​របស់​ជន​រង​គ្រោះ​មាន​ស្នាម​របួស​លើ​រាង​កាយ​។ លោក​ថា ក្រោយ​សង្ស័យ​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម​ ទើប​នគរបាល​សម្រេច​ឃាត់ ខ្លួន​បុរស​ជា​ព្រូ​​ម្នាក់​នេះ​មក​ធ្វើការ​សាកសួរ​។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ប្រាប់​មក​នគរបាល​ថា នៅ​ថ្ងៃ​កើតហេតុ​ពេល កំពុង​ភ្ជួរ​ដីចម្ការពីរនាក់ជនរងក្រោះស្រាប់តែ​ផាល ភ្ជួរ​របស់​ត្រាក់ទ័រ​បាន​ខូច​ ។ ពេល​នោះ​ជន​រងគ្រោះ​បាន​ចុះ​ទៅ​រឹត​ខ្ចៅ និង​បាន​ប្រាប់​ឲ្យ​រូបគេ​បើក​ត្រាក់ទ័រម្តង ​។ លុះពេល​ខ្លួន​ឡើង​ទៅ​បើក ទំនងជា​វ័ធ​ផាល​ត្រាក់ទ័រ​ត្រូវជន​រងគ្រោះ​មួយ​ទំហឹង​ ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់ជីវិត ហើយ​ខ្លួន​មិន​បានដឹង​នោះ​ទេ​ គឺ​ចេះ​តែ​បើក​ភ្ជួរ​ដី​បន្ត​ទៅ​មុខ រហូត​មាន​អ្នក​ជិះ​ម៉ូតូ​មក​ឃើញ​ជន​រង​គ្រោះ​ដេក​​និង​បាន​ស្រែក ប្រាប់​ទើប​ខ្លួន​ឈប់​ត្រាក់ទ័រ​និង​ចុះ​មក​មើល​ ។

ទោះបីជា​បែប​ណា ក៏​ករណី​នេះ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ដោយ​លោក​អធិការរង​បញ្ជាក់​ថា នគរបាល​បានការ​ស​ម្រេ​ច​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ដោយ​ជាប់​សង្ស័យ​ក្នុង​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង ក្នុង​ករណី​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា ហើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖