ព័ត៌មានទាន់ហេតុការណ៍៖

លេចមុខវិនិយោគវិស័យសំណង់នៅបាវិតភ្លាម ឧកញ៉ា​ម្នាក់បានផ្ដល់​ផ្ទះ​៣០​ល្វែង​ជូន​មន្ត្រី​រាជការ

ចែករំលែក៖

ភ្នំពេញ៖ ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលគេស្គាល់ថាធ្លាប់មានប្រវត្តិតស៊ូខ្លាំងក្នុងជីវិតពីអ្នករត់ម៉ូតូឌុបនោះ បាន និង​កំពុង​តែ​បោះ​ទុន​វិនិយោគ​សំណង​ផ្ទះ​​ល្វែង​រាប់​ពាន់​ស្វែង​នៅ​លើ​ទី​ក្រុង​ថ្មី ​ជាប់​​ព្រំប្រទល់​វៀតណាម ។ លោកឧកញ៉ាក៏ បាន​ប្រកាស​​ថា នឹង​​​ផ្ដល់​ផ្ទះ​ចំនួន​៣០​ល្វែង​ជា​ជំហាន​ដំបូង ជូន​មន្ត្រី​រាជការ​ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់នៅ ដោយ​មិន​គិត​ប្រាក់​ ។

ក្រៅពីប្រកាសផ្តល់ផ្ទះល្វែងដល់មន្ត្រីក្រីក្រ សម្រាប់អតិថិជន​ដែល​ទិញ​ផ្ទះ​ពី​លោក​ក៏ ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន​ភ្លាមៗ​មក​វិញ​ផង​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង ក្នុង​​ជំនួប​មួយ រវាង លោក​អភិបាល​ក្រុង បាវិត ជា​មួយ​ក្រុម​​អ្នក​​វិនិយោគ​១​ក្រុម នៅ​សាលា​ក្រុង បាវិត កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ ។ ក្នុង​ជំនួប​នេះឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយក​ក្រុមហ៊ុន Vichet Dara Enterprise បាន​នាំ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​រូប​ ដើម្បី​បង្ហាញ​បំណង របស់​អ្នក​ជំនួញ​ទាំង​នោះ ចង់​ចូល​មក វិនិយោគ​លើ​ទឹក​ដី បាវិត បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ ទីក្រុង បាវិត ជា​ទីក្រុង​មួយ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​វិនិយោគ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក បាន​កំពុង​តែ​បោះ​ទុន​​លើ​​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ក្នុង​​គម្រោង​សាង​សង់​​ផ្ទះ​ល្វែង ដោយ​​នៅ​ក្នុង​នោះ​ក្រុមហ៊ុន​បាន រចនា​ផ្ទះ​ឡើង ​ទៅ​តាម​តម្រូវ​ការ​អតិថិជន ទាំង​អ្នក​មាន​ចំណូល​ខ្ពស់ ចំណូល​មធ្យម និង ចំណូល​ទាប ។

ទន្ទឹម​​គ្នា​នោះ​ដែរ ដើម្បី​រួម​​ចំណែក​ដល់ រដ្ឋាភិបាល ក៏​ដូច​ជា មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន​របស់​លោក បាន​សហការ​ជា​មួយ​​ក្រុមហ៊ុន​មួយ​​​មក​ពី​ប្រទេស​ជប៉ុន​ឈ្មោះ​ថា ក្រុម​ហ៊ុន ECCJ Real Estate ដោយ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​នេះ នឹង​ជួល​ផ្ទះ ពី​អតិថិជន​ដែល​មក​ទិញ​នៅ​ក្នុង​បុរី របស់​លោក ដើម្បី​ជូន​​មន្ត្រី​រាជការ​ស្នាក់​នៅ ដោយ​​មិន​គិត​ប្រាក់ រយៈ​ពេល​៥ឆ្នាំ ។

ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា​ បាន​ពន្យល់​ថា ក្រុមហ៊ុន​ជប៉ុន ECCJ Real Estate ដំបូង​ឡើយ​ជា​អង្គការ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​មាន​បំណង​ធំ ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​ផ្ដល់​ជូន​ដល់​មន្ត្រី​រាជការ ដែល​ចង់​បាន​ផ្ទះ​ស្នាក់​នៅ (second house) ដោយ​ក្រុមហ៊ុន​មាន​​ម្ចាស់​ជំនួញ​​ជា​ច្រើន ក្នុង​ការ​ជួយ​គាំទ្រ​លើ​គម្រោង​នេះ ។ លោក​ឧកញ៉ា​​បណ្ឌិត​ប្រាប់​ថា ​ជំហាន​ដំបូង ECCJ Real Estate នឹង​ផ្ដល់​ជូន​មន្ត្រី​រាជការ​​ធ្វើ​ការ​នៅ ក្រុង បាវិត​នេះ ចំនួន​៣០​ល្វែង ដោយ​ឲ្យ​ពួក​គាត់​រស់​នៅ​ចំនួន​៥ឆ្នាំ សាក​ល្បង​ដោយ​មិន​គិត​ប្រាក់ គ្រាន់​តែ​ពួក​គាត់​បង់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង តែ​ប៉ុណ្ណោះ ។

លោក HIROTAKA SATO នាយក ក្រុមហ៊ុន​ជប៉ុន ECCJ Real Estate បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​មាន​ដៃគូ​ក្រុមហ៊ុន វិនិយោគ​ជា​ច្រើន ដែល​កំពុង​តែ​ចូល​មក​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា នឹង​មួយ​ចំនួន​ទៀត កំពុង​តែ​មាន​បំណង​មក​សិក្សា​ស្វែង​យល់ លើ​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា ក្រៅ​ពី​ការ​ផ្ដល់ ផ្ទះ​ស្នាក់​នៅ​ដល់​ប្រជាជន​ខ្មែរ ជា​ពិសេស​មន្ត្រី​រាជការ ​ដោយ​ឥតគិតថ្លៃ ECCJ Real Estate ចាប់​អារម្មណ៍​ខ្លាំង លើ​ការ​បើក​កាស៊ីណូ លើ​ទឹក​ដី​បាវិត​នេះ ហើយ​ក្រុមហ៊ុន​មាន​បំណង​វិនិយោគ​លើ​ជំនួញ​នេះ​ឆាប់ៗ​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប លោក លឹម សៀកហេង អភិបាល​ក្រុង​ បាវិត បាន​ស្វាគមន៍ លើ​គម្រោង​គម្រោង​វិនិយោគ​​ទាំង​នោះ ។ លោក អភិបាល លើក​ឡើង​ថា វា​ដំណឹង​ល្អ​ណាស់​សម្រាប់​មន្ត្រី​រាជការ នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​បាន​គិត​គូរ​ពី​សុខទុក្ខ​​មន្ត្រី​រាជការ​បែប​នេះ ។ សម្រាប់​មន្ត្រី​រាជការ​ធ្វើ​ការ​ក្នុង​ក្រុង បាវិត​នេះ លោក​អភិបាល​​បាន​ឲ្យ​ដឹង​ថា មួយ​ចំនួន​មាន​មក​ពី​ខេត្ត ឆ្ងាយ នឹង​មួយ​ចំនួន​ទៀត រស់​នៅ​ក្នុង​ខេត្ត ប៉ុន្តែ ផ្ទះ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ ដោយ​ពួក​គាត់ ភាគ​ច្រើន​ស្នាក់​នៅ ផ្ទះ​ជួល​ក្បែរ​កន្លែង​ធ្វើ​ការ ដូច​នេះ​ការ​សន្យា​ផ្ដល់​ជូន​ខាង​លើ​ពិត​ជា​ដំណឹង​ល្អ សម្រាប់​មន្ត្រីរាជការ​ទាំង​អស់​នោះ​ខ្លាំង​ណាស់ ។ ក្នុង​នាម អាជ្ញាធរ​លោក អភិបាល​បាន​សន្យា និង ការពារ​ធានា​​សន្តិសុខ សុវត្ថិភាព​ជូន​ដល់ អ្នក​វិនិយោគ ។ ក្នុង​ថ្ងៃ​​នោះ​ដែរ លោក​អភិបាល​ក្រុង​ និង ក្រុម​អ្នក​វិនិយោគ​ក៏​បាន​ចុះ​ទៅ​មើល​ទីតាំង​ក្នុង​គម្រោង​ដែល​កំពុង​តែ​សម្រុក​ការ​សាង​សង់ ដែល​ប្រហែល​ជា​១៨ ខែ ទៀត ផ្ទះ​ទាំង​នោះ នឹង​ធ្វើ​រួច​រាល់ មន្ត្រី​រាជការ​អាច​ចូល​ស្នាក់​នៅ​បាន​ហើយ ។ បុរី”​វិចិត្រដារ៉ា” មាន​ទីតាំង​ស្ថិត ក្នុង ភូមិ បាវិតលើ សង្កាត់ បាវិតលើ ក្រុង បាវិត ខេត្ត ស្វាយរៀង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុង​បាវិត​ជា​ច្រក អន្តរជាតិ​​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវ​គោក​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​ និង​វៀតណាម ជា​ពិសេស​គឺ​ទី​ក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​ ។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កម្សាន្ត​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់​ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម ។ បច្ចុប្បន្ន​ទីក្រុង​ថ្មី ជាប់​ព្រំប្រទល់​វៀតណាម​មួយ​នេះ សំណង់​អគារ​ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លឹប​កម្សាន្ត ផ្សារ​ទំនើប រោងចក្រ កំពុង​សម្រុក​ការ​សាង​សង់​បន្ថែម​យ៉ាង​គំហុក៕ វឌ្ឍនា


ចែករំលែក៖