ដើម្បីបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា អ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ «ទាំងស្រុង និងពេញលក្ខណៈ» នៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន នៅដំណាច់ឆ្នាំ២០១៩នេះ ក្រោយពីជំនួបថ្នាក់ខ្ពស់មួយត្រូវបានធ្វើឡើងនៅលើទឹកដីបារាំង ។
សារព័ត៌មានប៊ីប៊ីស៊ី បានផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ថា ប្រធានារុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបប្រជុំទល់មុខគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ មេដឹកនាំបារាំង និងអាល្លឺម៉ងជាអ្នកអាជ្ញាកណ្តាលនៅក្នុងជំនួបមុខផ្ទាល់មុខនេះ ។
ក្រោយជំនួបនេះ មេដឹកនាំទាំងពីរបានព្រមព្រៀង និងសម្រេចបានលទ្ធផលវិជ្ជមានយ៉ាងច្រើនទាក់ទងនឹងជម្លោះច្រើនឆ្នាំកន្លងមកនោះ ។ ការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែនរវាងកម្លាំងរដ្ឋាភិបាល និងក្រុមបះបោរគាំទ្រដោយរុស្ស៊ីបានអូសបន្លាយពេលប្រហែល៥ឆ្នាំកន្លះ រួចមកហើយ និងបានបណ្តាលឲ្យស្លាប់មនុស្សប្រហែល ១៣ ០០០ នាក់ ។
សូមបញ្ជាក់ថា ស្ថានការវិវឌ្ឍន៍ទៅរកភាពរីកចម្រើនដោះស្រាយជម្លោះអនុវត្តបទឈប់បាញ់ទាំងស្រុងរវាងរុស្ស៊ី និងអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីមានការព្រមព្រៀងដោះដូរអ្នកទោសគ្នា ហើយនិងដកកម្លាំងយោធាចេញពីទីតាំងប្រឈមមុខដាក់គ្នាពីចំណុច៣ទីតាំងសំខាន់ៗ ស្ថិតនៅខ្សែត្រៀមជួរមុខនោះ ។
សេចក្តីថ្លែងការណ៍រួមជាលាយលក្ខណ៍អក្សរ ប្រទេសទាំងពីរបានព្រមព្រៀងដោះលែងអ្នកទោសគ្នាទាក់ទងជម្លោះនេះ ឲ្យអស់នៅដំណាច់ឆ្នាំ២០១៩នេះ ។ ភាគីទាំងពីរក៏បានព្រមព្រៀងថា ក្នុងរយៈពេល៤ខែទៀត នឹងមានកិច្ចពិភាក្សាជាមួយគ្នាត្រូវបានធ្វើឡើងបន្តទៀត ដើម្បីធ្វើឲ្យជាក់ច្បាស់អំពីភាពជឿនលឿននៃបទឈប់បាញ់។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សានៅវិមាន Elysee ទីក្រុងប៉ារីស ប្រទេសបារាំងនោះ លោកប្រធានាធិបតីពូទីន បានសាទរចំពោះកិច្ចពិភាក្សានេះ ហើយបានថ្លែងថា វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលុបបំបាត់ជម្លោះ ៕