ខេត្តឧត្តរមានជ័យ៖ យុវជនជាសិស្សសាលាម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់បានធ្វើសកម្មភាព ប្លន់ ម៉ូតូបានសម្រេច ហើយ បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចស្ពានអូរជីក ក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា៖ ជនរងគ្រោះ
ឈ្មោះ ហេង ណារឿង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ បានជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខបន្ទាយមានជ័យ ១M ៤៩១៥
ដោយ ជិះចេញពីផ្ទះទៅសាលារៀន ។ លុះដល់ចំណុចកើតហេតុខាងលើ មានជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ដោយម្នាក់មានកាន់កំបិតខ្វែវ និងម្នាក់ទៀតកាន់ចំពាមកៅស៊ូចេញពីក្នុងព្រៃមកស្កាត់ផ្លូវ ដោយម្នាក់បានយកកាំបិតខ្វែវមកគំរាមយកម៉ូតូ ហើយបង្ខំឲ្យជនរងគ្រោះចុះចេញពីម៉ូតូរួចហើយជនសង្ស័យទាំងពីរនាក់ ក៏បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបានបន្តថា ក្រោយពីកើតហេតុជនរងគ្រោះមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ហើយពេលនេះសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ រកជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕ ប៉ែន នួន